គណៈប្រតិភូគណកម្មការទី១០នៃរដ្ឋសភា គោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម អ្នកឧកញ៉ាឧត្តម មេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំ ជាមួយ ក្រុមគ្រួសារសពឯកឧត្តម អ្នកញ៉ាឧត្តម មេត្រីវិសិដ្ឋ ហ៊ុនសាន ដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាននោះ គណៈប្រតិភូគណកម្មការទី១០នៃរដ្ឋសភា ដឹកនាំងដោយ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធាន គណកម្មការទី១០ នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាក្ខន្ធ សពឯកឧត្តមអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូ គណកម្មការទី១០នៃរដ្ឋសភា បានសម្តែងងក្តីរន្ធត់សោកសង្រេង ចំពោះមរណភាពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងបានចាត់ទុក មរណភាពនេះ មិនត្រឹមតែជាការបាត់បង់ នូវបងប្រុសឪពុកឪពុកក្មេកនិងជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែគឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីពុះពារមិនខ្លាចនឿយហត់ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ ក្នុងការបម្រើ ជាតិ សាសនាព្រះមហាក្សត្រ ពិសេស ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានបំពេញភារកិច្ច យ៉ាងសកម្ម ក្នុងការលើកកម្ពស់ វិស័យសាធារណការនិងដឹកជញ្ជូនរហូតសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន ដែលជាការចូលរួមយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យទទួលបាននូវការរីកចម្រើនគួរជាទីមោទនៈ ។

ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះដែរ គណៈប្រតិភូ គណកម្មការទី១០ នៃរដ្ឋសភា សូមចូលរួមរំលែកនូវ    សេចក្តីទុក្ខព្រួយ ជាមួយ សម្តេច ឯកឧត្តមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋហ៊ុនសាន សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។