គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមលើវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅខេត្តរតនគិរី

គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯកឧត្តម ម៉ា វិចិត្រ អភិបាលខេត្តស្តីទី នៃគណ:អភិបាលខេត្តរតនគិរី ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តរតនគិរី។

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៣ មកកាន់ខេត្តរតនគិរីនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងមន្ទីរជំនាញ លើការងារផែនការវិនិយោគ កសិកម្ម បរិស្ថាន និងធនធានទឹកនៅក្នុងខេត្ត ដើម្បីគណៈកម្មការបានយល់ដឹង ងាយស្រួលក្នុងការរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់ ។ 

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគីរី ព្រមទាំងមន្ទីរជំនាញ បានរាយការណ៍ជូនគណៈកម្មការទី៣ នៃរដ្ឋសភា

នូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនឹងវិស័យខាងលើ។ លើសពីនេះខេត្តបានអនុវត្តនូវកម្មវិធីនយោបាយនិង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់របស់រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានប្រតិបត្តិតាមតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមសន្តិបណ្ឌិត បានបន្តថា កិច្ចប្រជុំនៅពេលនេះ គណៈកម្មការទី៧៣ នៃរដ្ឋសភា បានក្តាប់នូវបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញ ដែលបានអនុវត្តកន្លងមក ឃើញថាបានជួបបញ្ហាមួយចំនួន។ ចំណែកឯសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៣ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។ ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ត្រូវបន្តការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ 

បន្ទាប់មកនៅរសៀលថ្ងៃដ៏ដែល គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា អមដំណើរដោយឯកឧត្តម ម៉ា វិចិត្រ អភិបាលខេត្តស្តីទី នៃគណ:អភិបាលខេត្តរតនគីរី បានអញ្ជើញចុះពិនិត្យមើលក្រុមហ៊ុន ហ៊្វូ ស៊ីន លីន យី ឌីវេឡុបម៉ិន ឯ.ក ធ្វើការកែច្នៃដើមឈើកៅស៊ូ និងដើមស្វាយចន្ទី ទៅជាកូមផ្លាកគេរ ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបាលុង ខេត្តរតនគិរី៕

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot