គណៈប្រតិភូតំណាងសម្តេចក្រុមព្រះនរោត្តមច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឯកឧត្តម អ្នកញ៉ា ឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននោះ សម្តេចក្រុមព្រះ នរោត្តមច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ ព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ជាព្រះរាជតំណាងរបស់ព្រះអអង្គ នាំកំរងផ្កាដឹកនាំគណៈប្រតិភូយាងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាននៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូ តំណាងសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្របានសម្តែងនូវ សមានទុក្ខដ៏ក្រៀមក្រំ ចំពោះការទទួលមរណភាពនៃ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនដែលត្រូវជា បងប្រុសបង្កើត របស់សម្តេចតេជោ និងបានចាត់ទុកមរណភាពនេះ គឺជាការបាត់បង់ នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតាប្រកប ដោយព្រហ្មវិហារធម៌និងបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ព្រមទាំងក្រុមគ្រួសារសាច់ញាតិ គួរឱ្យសោកសង្រេងនិងអាឡោះអាល័យបំផុត។ថ្វីត្បិតតែ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានលាចាកលោកនេះពិតមែន តែគំរូវីរភាពនិងស្នាដៃ បានដក់ជាប់ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ព្រោះថា ឯកឧត្តមអ្នកឧកញ៉ាបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនជាច្រើន ចូលរួមចំណែក កសាងជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។ជាមួយនឹងការសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូ បានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។