គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ នៃសាធារណ:វៀតណាម បានបន្តនិមន្តចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា
គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ទាំង៦ព្រះអង្គ ខេត្តត្រាវិញ នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដឹកនាំព្រះតេជព្រះគុណថាច់ ញឹក ព្រះអនុគណរងប្រចាំនិងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តនិមន្តចូលក្រាបថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទី។
ក្នុងឱកាសដ៏មានតម្លៃនេះដែរ គណ:ប្រតិភូបានយកវត្តប្រណិប័តរ៍សម្តេចជាអម្ចាស់ ដើម្បីជាការសម្តែងនូវឧបការ:គុណដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ ដែលជាព្រះបិតាសង្ឃមួយអង្គក្នុងចំណោមការកសង្ឃទាំង៧ព្រះអង្គ ដែលបានស្ថាបនាព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញក្រោយថ្ងៃរំដោះប៧ មករា ១៩៧៩ ។ ទន្ទឹមនឹងនោះព្រះអង្គបានក្រាបថ្វាយបង្គំសួរសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី ពីព្រះសុខភាពរបស់សម្តេច ដោយសេចក្តីនឹករលឹកជាពន់ពេក និង សូមថ្វាយព្រះពរជ័យមង្គល វិបុលសុខ គ្រប់ប្រការ ពិសេសសូមថ្វាយព្រះពរសម្តេច មានព្រះសុខុមាលភាព ដ៏ល្អបរិបូរណ៍ និងមានព្រះជន្ម យឺនយូរ ជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់សុខសាន្ត សម្បូសប្បាយ ដើម្បីបំភ្លឺព្រះពុទ្ធឱវាទ ក្នុងព្រះពុទ្ធសាសនានៅកម្ពុជាកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។
សម្តេចព្រះមហាសុមេធាធិបតី បានប្រសិទ្ធពរជ័យប្រគេន និងផ្តាំផ្ញើរក្តីនឹករលឹកដល់ ប្រជាពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
សូមជម្រាបជូនថា គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បានចូលក្រាបបង្គំគាល់នាពេលនេះ បន្ទាន់ពីការក្រាប់បង្គំគាលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកមិញនៅវត្តស្វាយពពែ។