គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បានបន្តនិមន្តចូលថ្វាយបង្គំ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា

គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បានបន្តនិមន្តចូលថ្វាយបង្គំ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា

………….

បន្ទាប់ពីនិមន្តចូលក្រាបថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា រួចមក នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំ​ព្រះតេជព្រះគុណថាច់ ញឹក​ជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម បានបន្តនិមន្តចូលថ្វាយបង្គំសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ រាជធានីភ្នំពេញ ។

ព្រះតេជព្រះគុណថាច់ ញឹក និងគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បានមានថេរដីកាថ្វាយបង្គំ សម្តេចព្រះពោធិវ័ង្ស នាឱកាសនេះ គឺដើម្បីយកវត្តប្រណិប័តន៍ និងថ្លែងអំណរព្រះគុណសម្តេច ចំពោះអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ពិសេសថ្វាយបង្គំសុំនូវព្រះអនុសាសន៍សំខាន់ៗដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់ព្រះសង្ឃខេត្តត្រាវិញ​ប្រមាណជាង ១០,០០០ ព្រះអង្គ  ដូចជា ៖ 

១. សិក្សាស្វែងយល់អំពីការដឹកនាំ គ្រប់គ្រង​វិស័យ​ព្រះពុទ្ធសាសនា គណៈមហានិកាយនៅកម្ពុជា ។

២.សិក្សារចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង​នៅក្នុង​អគ្គាធិ​ការរដ្ឋានពុទ្ធិកសិក្សាជាតិ។

 ៣.និងថ្វាយបង្គំព្រះតម្រិះទៅលើលទ្ធភាពផ្តល់អាហារូបករណ៍ ដើម្បីឱ្យ​ព្រះសង្ឃខ្មែរក្រោម ខេត្តត្រាវិញ អាចនិមន្តមកបន្តការសិក្សាក្នុងពុទ្ធិកសិក្សាគ្រប់កម្រិត។

សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី គណៈ​មហានិកាយ​នៃព្រះរាជា​ណាចក្រកម្ពុជា  បានសម្តែងនូវសេចក្តីរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរ​និមន្តមកទស្សនកិច្ចរបស់គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម។ ចំពោះសំណើរបស់គណៈប្រតិភូវិញនោះ គណៈសង្ឃនាយក​មានការសាទរគាំទ្រ និងនាំយកសំណើនេះទៅពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តី ដើម្បីជាការផ្តល់លទ្ធភាពផ្តល់អាហារូបករណ៍ដល់ព្រះសង្ឃខ្មែរក្រោមមកសិក្សានៅតាមពុទ្ធិកសិក្សានៅក្នុងព្រះរាជាណាំចក្រកម្ពុជា។ សម្តេចក៏បានផ្តល់នូវឯកសារក្បួនខ្នាត នៃវិស័យព្រះពុទ្ធសាសនា   ក្បួនខ្នាត អក្សរសាស្រ្ត ភាសាបាលី ជាដើម។

សម្តេច បានផ្តាំផ្ញើរសេចក្តីនឹករលឹកជាពន់ពេក ដល់ព្រះមន្ត្រីសង្ឃ ប្រជាពុទ្ធបរិស័ទខ្មែរ ខេត្តត្រាវិញ ទាំងអស់ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕