គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម និមន្តទស្សនកិច្ចទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប

នៅក្នុងដំណើរទស្សនកិច្ចលើកទី១មក កាន់ព្រះរាជណាចក្រកម្ពុជាគណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ដែលនិមន្តមកពីខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិមន្តមកទស្សនកិច្ចទស្សនាប្រាសាទអង្គរវត្តតូច  ប្រាសាទអង្គរវត្តធំ ខេត្តសៀមរាប ។

មុននិងនិមន្តទស្សនាប្រាសាទអង្គរវត្តតូច  ប្រាសាទអង្គរវត្តធំ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម បាននិមន្តចូលក្រាបថ្វាយបង្គំសមាទានសីសថ្វាយបង្គំ ព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ នាវត្តឥន្ទបត្តបុរី អង្គរខាងជើង នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

មគ្គុទេសជំនាញ បានទូលប្រគេនអំពីអត្ថន័យសង្ខេប ប្រាសាទអង្គរវត្តថា ប្រាសាទអង្គរវត្តតូច ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក ជាប្រាសាទដែលនៅគង់វង្សល្អបំផុតតែមួយគត់ ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ។  

ក្រោយមកពុទ្ធនិយម និងប្រាសាទនេះ ស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ បានក្លាយជានិមិត្តរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិខ្មែរ។

ប្រាសាទអង្គរ មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ ដែលមានបរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។

សូមជម្រាបជូនថា  គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦ព្រះអង្គ បាននិមន្តបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕