បន្ទាប់ពី និមន្តទស្សនាប្រាសាទអង្គរតូច ប្រាសាទអង្គធំ ប្រាសាទបាយ័ន្តរួចមក គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ដែលនិមន្តមកពីខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តនិមន្ត ប្រាសាទតាព្រហ្ម កសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។
ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។ក្រោយថៃ្ងរំដោះ៧ មករាឆ្នាំ១៩៧៩ រហូតមកប្រាសាទតាព្រហ្មនេះត្រូវបានរួចផុតពីក្រញាំនៃរបប ប៉ុលពតហើយក៏មានភាពស្រស់បំព្រងឡើងវិញ រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាដើម្បីស្រាវជ្រាវថ្ម និងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពី សតវត្សទី១៣ គឺក្រោយប្រាសាទអង្គរវត្ត។
តួយ៉ាងលក្ខណៈលេចធ្លោរបស់បណ្តាប្រាសាទខ្មែរ មានពោរពេញដោយរូបចម្លាក់យករស់រវើក ផុសចេញជាក្បូរក្បាច់រចនាឥតខ្ចោះ ឆ្លាក់ចេញជាសាច់រឿងបូរាណខ្មែរ អប្សរារេរាំមានលក្ខណៈពិសេសខុសៗគ្នា ទាំងប្រាង្គន័យប្រាសាទ
ទាំងការសាងសងមានកន្លែងបង្ហូរទឹកច្បាស់លាស់ រហូតអន្តរជាតិមានការងឿងឆ្ងល់ពីស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសកាលពីសម័យបូរាណកាល ។
ដោយមានការអមដំណើរដោយ ឯកឧត្តម គង់ ប៊ុនលី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា , ឯកឧត្តម សាង សាន និងឯកឧត្តម មាស រដ្ឋា និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមជាមួយមន្ត្រីអាជ្ញាធរអប្សារាជាច្រើនរូបផងដែរ។
សូមជម្រាបជូនថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦ព្រះអង្គ បាននិមន្តបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕