គណៈប្រតិភូមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

គណៈប្រតិភូមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យនាយក ងី ម៉េង បានចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងសាសនា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្ត្រាចារ្យនាយក និងគណៈប្រតិភូ បានចូលរួមរំលែកនូវមរណទុក្ខដ៏សោកសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថា មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ គឺជាការបាត់បង់បងប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក ជីតា និងជាជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ដែលកន្លងមក ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ជាកុលបុត្រខ្មែរដ៏ឆ្នើម ដែលបានបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមប្រកបដោយមនសិការជាតិ និងគតិបណ្ឌិតឈ្លាសវៃជាមួយនឹងបទពិសោធដ៏ប៉ិនប្រសប់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងដំណើរការស្ថាបនា ស្តារ និងអភិវឌ្ឍប្រទេសជាតិ។
ក្នុងក្ដីសោកសង្រេងនេះ ឯកឧត្តមសាស្ត្រាចារ្យនាយក និងគណៈប្រតិភូ បានលំឱនកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕