គណៈប្រតិភូរដ្ឋបាលខេត្តរតនគិរី ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រះសង្ឃ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូល បានបង្ហាញសេចក្តីក្រៀមក្រំឥតឧបមាចំពោះមរណភាព ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន, នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥, ប្រតិភូរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអន អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅទីតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ថិតក្នុងឱកាសដ៏សែនសោកសៅបំផុតនេះ គណៈប្រតិភូរដ្ឋបាលខេត្តរតនគិរី បានសម្ដែងនូវអភិវន្ទន៍កិច្ចសូមចូលរួមរំលែកមរណទុក្ខដ៏មហាក្រៀមក្រំនេះ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ។ ជាមួយគ្នានេះ គណៈប្រតិភូរដ្ឋបាលខេត្តរតនគិរី បានចាត់ទុកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ដ៏ធំធេងនូវបង ប្រុស ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត របស់សម្តេច និងក្រុមគ្រួសារ។ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាកុលបុត្រខ្មែរដ៏ឆ្នើម មួយរូប ដែលមានស្មារតីស្នេហាជាតិមោះមុត បូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យរីកចម្រើន សម្បូររុងរឿង រហូតមកដល់ពេលបច្ចុប្បន្ន។ គំរូវីរភាព ដ៏ថ្លៃថ្លារបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន កុលបុត្រខ្មែរគ្រប់ជំនាន់ចងចាំជារៀងរហូត។

ក្នុងវេលាដ៏សោកសង្រេង ប្រកបដោយសេចក្តីសង្វេគក្រៀមក្រំនេះ គណៈប្រតិភូរដ្ឋបាលខេត្តរតនគិរីទាំងអស់បានលើកហត្ថប្រណម្យបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧក់ញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕