គណៈប្រតិភូវិទ្យាល័យព្រះស៊ីសុវត្ថិ ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

គណៈប្រតិភូវិទ្យាល័យព្រះស៊ីសុវត្ថិ ដឹកនាំដោយ លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ បានចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ពិធីគោរពវិញាណក្ខន្ធសព បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ មីនា នៅទីតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូវិទ្យាល័យព្រះស៊ីសុវត្ថិ សូមចូលរួមសោកស្តាយជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់បងប្រុស បងថ្លៃ ឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ដែលប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូប តែងតែ ខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។ មរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឹជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយ ខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត នៅគ្រប់កាលៈទេសៈ។
គណៈប្រតិភូវិទ្យាល័យព្រះស៊ីសុវត្ថិ ដឹកនាំដោយ លោក មូល ស៊ុយហេង បានលើកហត្ថឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕