គណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ, គណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដឹកនាំដោយ លោកជំទាវ មាន សំអាន បានចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងក្តីសោកសង្រេងនេះ គណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងបានគោរពចូលរួមរំលែកមរណទុក្ខចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ មរណភាពរបស់ ឯកឧត្តមអ្នក ឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ មិនត្រឹមជាការបាត់បង់បងប្រុស បងថ្លៃ ឪពុកបង្កើត ឪពុកធំ ឪពុកក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌របស់ប្អូនៗ កូនចៅ និងក្មួយៗទាំងអស់នោះទេ ប៉ុន្តែជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលកន្លងមក ឯកឧត្តមអ្នកឧកញ៉ា បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចប្រកបដោយឆន្ទៈមនសិការ ក្នុងបុព្វហេតុ បម្រើជាតិ សាសនា និងព្រះមហាក្សត្រ។៥

ក្នុងគ្រាដ៏អាឡោះអាល័យនោះ, ណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានលំឱនកាយវាចាចិត្ត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕