គណៈប្រតិភូសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងសមានទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន, ឈានចូលដល់ថ្ងៃទី៣ នៃពិធីបុណ្យទក្ខិណានុប្បទាន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ, គណៈប្រតិភូសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ បានចូលរួមដាក់កម្រងផ្កា គោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយក្តីសោកសង្រេង ខ្សឹកខ្សួល រំជួលចិត្តរកទីបំផុតគ្មាននេះ ឯកឧត្តម ខូវ ឆាយ និងគណៈប្រតិភូ បានសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសូមគោរពចូលរួមរំលែកមរណទុក្ខចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវការបាត់បង់ដ៏ធំធេងនេះ។ មរណភាពរបស់ ឯកឧត្តមអ្នក ឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ មិនត្រឹមជាការបាត់បង់បងប្រុស បងថ្លៃ ឪពុកបង្កើត ឪពុកធំ ឪពុកក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌របស់ប្អូនៗ កូនចៅ និងក្មួយៗទាំងអស់នោះទេ ប៉ុន្តែជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលកន្លងមក អ្នកឧកញ៉ាបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចប្រកបដោយឆន្ទៈមនសិការ ក្នុងបុព្វហេតុ បម្រើជាតិ សាសនា និងព្រះមហាក្សត្រ។

គណៈប្រតិភូសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលំឱនកាយវាចាចិត្ត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្ដិសិទ្ធិ ទាំងឡាយក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ បានទៅចាប់បដិសន្ធិ និងសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕