គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនោះ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងគណៈប្រតិភូ បានសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះ ការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងបង្កើត បងថ្លៃ ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាកុលបុត្រខ្មែរ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម មួយរូបដែលបានធ្វើពលិកម្មសព្វបែបយ៉ាង តស៊ូយ៉ាងសកម្មប្រកបដោយស្វាមីភក្តិក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជាច្រើនទសវត្សរហូតអវសាននៃជីវិត។ ទោះបីរូបកាយបានឃ្លាតចាកពីលោក យើងទៅមែនពិត ប៉ុន្តែ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានកសាងនូវស្នាដៃជាច្រើនរាប់មិនអស់សម្រាប់ ប្រទេសជាតិ ដោយបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមទាំងបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែក កសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ អាណាចក្រ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ កិត្តិយសដ៏ឧត្ដុង្គឧត្តមមិនអាចបំភ្លេចបានឡើយ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ យើងខ្ញុំ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្ដាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តុមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមឆាប់ បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕