គណៈប្រតិភូ១៧រូបរបស់ប្រទេសស៊ែប៊ី បានជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មកម្ពុជា

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី ដឹកនាំគណៈប្រតិភូធុរជន ភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានស៊ែប៊ី និងរ៉ូម៉ានីមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។ 

 ក្នុងដំណើរទស្សនកិច្ចនេះ មានគោលបំណងបើកឱកាសឱ្យគណៈប្រតិភូខាងលើ ស្វែងយល់អំពី សក្តានុពលវិនិយោគ បរិយាកាសធុរកិច្ច និងភ្ជាប់ទំនាក់ទំនងភ្នាក់ងារទេសចរណ៍កម្ពុជា-ស៊ែប៊ី និងកម្ពុជា- រ៉ូម៉ានី ព្រមទាំងចូលរួមផ្សព្វផ្សាយពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន និងពិភពលោក។ 

ឆ្លៀតក្នុងឱកាសនេះគណៈប្រតិភូធុរជន ភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានស៊ែប៊ី និងរ៉ូម៉ានី បានចូលជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមានការទទួលស្វាគម៍ពី អ្នកឧកញ្ញា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។  

 អ្នកឧកញ្ញា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាន៍ថាកម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ច និងស្វែងយល់អំពី សក្តានុពលវិនិយោគ បរិយាកាសធុរកិច្ច និងភ្ជាប់ទំនាក់ទំនងភ្នាក់ងារទេសចរណ៍កម្ពុជា-ស៊ែប៊ី នេះជាជំនួបមួយដើម្បីឲកម្ពុជា និងស៊ែប៊ីកាន់តែមានភាពជិតស្និតបន្ថែមទៀត។ 

អ្នកឧកញ្ញា លឹម ហេង បានបញ្ជាក់ថាកម្ពុជាសំបូរទៅដោយផ្នែកកសិកម្ម និងឧស្សាហកម្ម ដោយបច្ចុបន្បនេះការផលិតនៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរបស់កម្ពុជា គឺកំពុងតែឈានដល់ដំណាក់កាលឌីជីថលហើយ ដូច្នេះកម្ពុជានឹងសង្ឃឹមថានេះជាពេលវេលាដ៏ល្អសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឈានដល់ការចាប់ដៃគូរវិនិយោគ កម្ពុជា និងស៊ែប៊ី៕