គណៈវិស្វករកម្ពុជា បើកសិក្ខាសាលាស្តីពីការ ចែករំលែកបទពិសោធន៍របស់វិស្វករអាជីពនៃគណៈវិស្វករកម្ពុជាដល់និស្សិត TVET(ធីវេត)
សិក្ខាសាលាស្តីពី ចែករំលែកបទពិសោធន៍របស់វិស្វករអាជីពនៃគណៈវិស្វករកម្ពុជាដល់និស្សិត TVET(ធីវេត) បានរៀបចំឡើងនៅរដ្ឋបាលសាលាខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធអគ្គលេខាធិការគណៈវិស្វករកម្ពុជា និង
លោក អ៊ុក សំសុវត្យា អគ្គនាយករងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងអគ្គលេខាធិការរង និងនិស្សិត សរុបប្រមាណជាង ៣០០នាក់។
ថ្លែងក្នុងសិក្ខាសាលានេះដែរ លោក អ៊ុក សំសុវត្យា អគ្គនាយករងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអោយដឹងថា ការធ្វើបរិវិត្តកម្មប្រព័ន្ធអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹង បដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ច បៃតង” ជាពិសេស “កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ដើម្បីផលិតមូលធនមនុស្ស និងអភិវឌ្ឍន៍កម្លាំងពលកម្មឱ្យមាន ជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិកាវិជ្ជាជីវៈ ស្មារតី ទទួលខុសត្រូវ សហគ្រិនភាព មានផលិតភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តន៍យ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យា ឌីជីថល និងការការពារបាននូវបរិស្ថានប្រកបដោយចីរភាព ស្របតាមការតម្រង់ទិសគោល នយោបាយនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់- កាលទី១នេះ ដោយអនុវត្តនូវអភិក្រមសិស្សត្រូវ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក កម្ពុជា ដើម្បីធានាថា “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកការយល់ដឹង និងបទ ពិសោធន៍របស់វិស្វករអាជីព អំពីតួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកិច្ច ប្រតិបត្តិការលើវិស័យវិស្វកម្ម ដល់និស្សិតផ្នែកវិស្វកម្មទាំងអស់ ឱ្យជ្រួតជ្រាបពីបរិបទការងារ និងការត្រៀមលក្ខណៈសម្បត្តិ សម្រាប់ការប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ។ វិស្វករ ជាធនធានបញ្ញវន្តវិស្វកម្មជាតិ និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុង ការរួមចំណែកអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ដែលតម្រូវឱ្យវិស្វករមានការសិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តម សុខុម រិទ្ធីវុធ បានបន្ថែមថា ការប្រព្រឹត្តទៅរបស់ គណៈវិស្វករកម្ពុជា បានឆ្លុះបញ្ចាំងពីគុណប្រយោជន៍សាធារណៈ សហគមន៍វិជ្ជាជីវៈ និងរូបវន្តបុគ្គលជាវិស្វករផ្ទាល់។ ធនធានបញ្ញវន្តវិស្វករជាតិ មានកម្រិតវិជ្ជាជីវៈ ស្ដង់ដា ព្រមទាំងសមត្ថភាពជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ គឺជាសក្តានុពលមួយផ្នែក ដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច តាមរយៈការផ្តល់លទ្ធផលការងារល្អ និងការ ទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចដែលប្រទេសជាតិផ្ដល់ឱ្យ។ ក្នុងន័យដ៏សំខាន់នេះ ”គណៈវិស្វករកម្ពុជា” មានគោលបំណងចម្បង ០២ ៖ ទី១ គឺធ្វើឱ្យគុណភាពប្រតិបត្តិជំនាញវិជ្ជាជីវៈរបស់វិស្វករជាតិមានស្តង់ដា ដើម្បី ឱ្យមានការទទួលស្គាល់គុណវុឌ្ឍគ្នាទៅវិញទៅមក ក្នុងបណ្ដាប្រទេសសមាជិកអាស៊ានស្របទៅតាមកិច្ចព្រមព្រៀងដែលព្រះរាជាណាចក្រកម្ពុជា ជារដ្ឋហត្ថលេខី។
ទី២ គឺមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីទទួលឱកាសការងារទូលំទូលាយ និងចុះសម្រុងក្នុងសង្គម។
សូមបញ្ជាក់ថា
គិតត្រឹមខែតុលាឆ្នាំ២០២៤ គណៈវិស្វករកម្ពុជាបានចុះបញ្ជីវិស្វករ ចំនួន៨ ៥៣០នាក់ (ស្រីចំនួន ៣៤៦នាក់) ក្នុងនោះវិស្វករចុះបញ្ជីដំបូងចំនួន ៨ ១៧១នាក់ (ស្រីចំនួន ៣៤១នាក់) វិស្វករបរទេសចំនួន ១០២នាក់ (ស្រីចំនួន ២នាក់) វិស្វករអាជីពឆ្នើមបរទេស ១៥នាក់ និង វិស្វករផ្ទេរមកពីស្ថាប័នវិស្វកម្មកម្ពុជាចំនួន ២៤២នាក់ (ស្រីចំនួន ៣នាក់) ។ ដោយឡែក យើង មានវិស្វករអាជីពចំនួន ១ ០៧០នាក់ (ស្រីចំនួន ១៦នាក់) យុវវិស្វករអាស៊ានចំនួន ៣៨៦នាក់ (ស្រីចំនួន ១៥នាក់) វិស្វករអាស៊ានចំនួន ៦១១នាក់ (ស្រីចំនួន ៦នាក់) និងវិស្វករអាជីពឆ្នើម អាស៊ានចំនួន ១២៤នាក់ (ស្រីចំនួន ១នាក់)។