គណៈវិស្វករកម្ពុជា ព្រះសង្ឃ និង បងប្អូនសប្បុរសជន ឧបត្ថម្ភជាភេសជ្ជៈ និង ថវិកាមួយចំនួន ជូនដល់ ទូក ង ឈ្មោះមហាព្រហ្ម ដើម្បីត្រៀមចូលរួមប្រណាំង រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈវិស្វករកម្ពុជា ដែលដឹកនាំដោយ លោក សុខ រតនា ប្រធានផ្នែក តំណាងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ព្រះសង្ឃ និងបងប្អូនសប្បុរសជនជាសមាជិកវិស្វករអាស៊ាន បាននាំយកអំណោយ ថវិកា និងភេសជ្ជៈមួយចំនួន មកប្រគេននិងប្រគល់ជូនដល់បងប្អូនកីឡាករចំណុះទូកង ឈ្មោះ មហាព្រហ្ម ដែលស្ថិតក្នុងភូមិ ព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្នុងនោះ ទូកងឈ្មោះមហាព្រហ្ម បានមកចូលរួមប្រកួតប្រណាំងក្នុងឱកាសព្រះរាជកម្មវិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

លោក សុខ រតនា តំណាង ឯកឧត្តម សុខុម រិទ្ធីវុធ បានថ្លែងអំណរគុណ និងសំណូមពរដល់គណៈកម្មការទូក ត្រូវខិតខំអោយអស់ពីកម្លាំងកាយ ដើម្បីធ្វើការគាំទ្រដល់ក្រុមកីឡាករ ប្រណាំងទូកមកពីភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាលទាំងអស់ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រណាំងជា
មួយកីឡាករអុំទូក មកពីបណ្ដាខេត្តផ្សេងៗទៀត ដើម្បីធ្វើការប្រកួតប្រណាំងអោយទទួល បាន
លទ្ធផលល្អ ហើយក៏ត្រូវធ្វើយ៉ាងណាចូលបង្ករបរិយាកាសសប្បាយរីករាយ រក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អនៃពិធីប្រណាំងទូកដែលមាន តាំងពីយូរយារណាស់ហើយ

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ១៤-១៥-និង១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងនោះទូកង ទូកមួង ចំនួនសរុប ៣៤៨ទូក និងសរុបកីឡាករ កីឡាការនីចំនួន ២២.០៤២ នាក់ ( ពីរម៉ឺនពីរពាន់សែសិបពីរ ) ព្រមទាំងប្រទីបចំនួន៣៦ ដែលនឹងបណ្តែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ទើបឈប់ និងចតនៅមុខព្រះបរមរាជវាំង ព្រមទាំងការរៀបចំសាឡង់ឲ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយសម្រាប់ដំណើរការអុជកាំជ្រួចពេលល្ងាចរយៈពេល៣ថ្ងៃ ក្នុងនោះមានចំនួន៤ដង ពោលគឺនៅពាក់កណ្តាលអាធ្រាតថ្ងៃទី២ម្តងទៀត ដែលជាយប់អកអំបុកសំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីផងដែរ៕