គណៈសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

គណៈប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដឹកនាំដោយ ឧកញ៉ាបណ្ឌិត កែវ មុំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាព្រឹកថ្ងៃទី២៩មីនា នៅទីតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី នៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឧកញ៉ាបណ្ឌិត កែវ មុំ ក្នុងនាមជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងសមាជិក-សមាជិកាទាំងអស់ នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបង្ហាញសេចក្តីតក់ស្លុតរន្ធត់ចិត្ត ក្ដុកក្ដួលរំជួលចិត្តឥតឧបមា ពេលដែលបានទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើត ជាទីគោរពស្រលាញ់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គណៈប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានចាត់ទុកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឹជាការបាត់បង់ដ៏ធំធេងនូវបងប្រុស ឪពុកបង្កើត ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ក្រុមគ្រួសារ។ ឯកឧត្តមអ្នក ឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្មារតី ស្នេហាជាតិមោះមុត ដែលបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការស្ថាបនា និងអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន និងសម្បូរ សប្បាយរុងរឿងរហូតមកដល់បច្ចុប្បន្ន។ គំរូវីរភាពដ៏ថ្លៃថ្លា របស់ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវកុលបុត្រ ខ្មែរគ្រប់ជំនាន់ចងចាំជារៀងរហូត។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានលំឱនកាយឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕