គណៈប្រតិភូសមាគមជប៉ុនកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកត្តមអ្នកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន, នារសៀលថ្ងៃទី៣១ មីនានេះ គណៈប្រតិភូសមាគមជប៉ុនកម្ពុជា ដឹកនាំដោយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគម (អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា) បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមួយក្ដីស្រណោះអាឡោះអាល័យនោះ ឯកឧត្តម TAKAHASHI Fumiaki និងគណៈប្រតិភូ បានសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសូមគោរពចូលរួមរំលែកមរណទុក្ខជាមួយ សម្តេចអគ្គតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកកម្ពុជា ចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ដែលត្រូវជាបងបង្កើត ជាបងថ្លៃ ជាឪពុក ជាឪពុកក្មេក ជាជីតាប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវធនធាន មនុស្សឆ្នើមមួយរូបដែលមានស្នាដៃ និងបទពិសោធន៍ជាច្រើនក្នុងវិស័យការងារ ប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ និងបានបូជាអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមចំណែកយ៉ាង សកម្មក្នុងការកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្រេចបាននូវភារកិច្ចជាច្រើនជូនសង្គមជាតិ។
គណៈប្រតិភូសមាគមជប៉ុនកម្ពុជា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕