គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០ លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល

នារសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលបានស្នើលើកទឹកចិត្តពិសេស ដូចជា ពន្ធអាករ ការលើកដាក់ទំនិញពីកំពង់ផែ និង អគ្គិសនី ជាដើម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង មន្ត្រីជំនាញ ។

ជាលទ្ធផល, ក្រុមការងារបានគាំទ្រ និង ផ្តល់ការសម្របសម្រួល ព្រមទាំងការថែទាំវិនិយោគ សម្រាប់គម្រោងនេះ ឱ្យដំណើរការទៅដោយរលូន និង រីកធំធាត់ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមទាំងការកាត់បន្ថយការនំាចូលដែក និង ជំរុញការនាំចេញទៅក្រៅប្រទេស ។

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, និង តាមការណែនាំដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រុមការងារបានខិតខំបំពេញភារកិច្ចដោយសកម្មក្នុងការផ្តល់ការប្រឹក្សាយោបល់ ការផ្សព្វផ្សាយ ការថែទាំវិនិយោគ ការសម្របសម្រួល និង ការផ្តល់ការលើកទឹកចិត្តពិសេស រួមទាំងការអនុវត្តវិធានការនានា ជាកញ្ចប់ ដោយមានការចូលរួម និង កិច្ចសហការខ្ពស់ពីក្រសួងស្ថាប័ន ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំង, ជំរុញការវិនិយោគលើគម្រោងថ្មី និង ពង្រីកគម្រោង ។ បច្ចុប្បន្ន, ក្រុមការងារបានពិនិត្យផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ១៦៥ គម្រោង ដែលមានទុនវិនិយោគសរុប ២ ០៥៥ ០០០ ០០០ ដុល្លារអាម៉េរិក ក្នុងនោះ គម្រោងពាក់ព័ន្ធអគារជាប់គាំង ចំនួន ៥២%, គម្រោងថ្មី ចំនួន ៣៧%, ការពង្រីកគម្រោងចំនួន ៩% និង គម្រោងមានស្រាប់ចំនួន ២% ។

“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” បាន និង កំពុងបង្កើតជាគំរូមួយ សម្រាប់ជំរុញការវិនិយោគនៅកន្លែងដទៃ និង ការដោះស្រាយបញ្ហានានា ។ ជាលទ្ធផល, អគារជាប់គាំង ត្រូវបានចាប់ផ្តើមសាងសង់ និង មានសកម្មភាពធុរកិច្ចជាបណ្តើរៗ និង មានទំនោរកើនឡើង ខណៈដែលគម្រោងថ្មីក៏មានការកើនឡើង ហើយវិស័យឯកជនបាន និង កំពុងជ្រើសរើសយកយន្តការក្រុមការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ពិសេស, ការសម្រួលនីតិវិធី និង ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។

ជារួម, ការអនុវត្តកម្មវិធីពិសេសសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា ការប្រកាន់យករបៀបធ្វើការដោយសកម្ម និង មានកិច្ចសហការ និង ការសម្របសម្រួលខ្ពស់ពីក្រសួងស្ថាប័ន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”, ការបង្កើតបរិយាកាសការងារ ដែលកសាងសមត្ថភាព និង ជំរុញការចូលរួមគ្រប់គ្រងការអភិវឌ្ឍ និង ជំរុញការវិនិយោគនៅមូលដ្ឋាន, ការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ, ការជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកចុះបញ្ជី និង មានអនុលោមភាព, ការបង្កើតនិន្នាការសហការ រវាងវិស័យឯកជន និង រដ្ឋ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ទៅទីតាំងគម្រោង និង ការបង្កើតយន្តការ“ច្រកចេញចូលតែមួយ” ដែលកំពុងដំណើរការ និង មានការចូលរួមសហការខ្ពស់ ។

ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាមៗ ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស»នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨៥៤៣ ៕