គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ២៥ ទៀត ក្រោមទុនវិនិយោគ សរុប ៩១៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១១ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។
អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៥ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១២, គម្រោងថ្មី ចំនួន ១២, និង ការពង្រីកគម្រោង ចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧ លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ,ភោជនីយដ្ឋាន និង រមណីយដ្ឋាន ។
ក្នុងចំណោមគម្រោងទាំងនេះ, មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និង ប្រទេសនានា ដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និង ការធ្វើពិពិធកម្មភ្ញៀវទេសចរ ។ ទន្ទឹមនេះ, វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និង បានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤ រួមទាំងការវិនិយោគដែលតម្រង់ទិស ឬ ផ្តោតការវិនិយោគលើវិស័យនានា ក្រៅពីកាស៊ីណូ ។
សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ១៤០ គម្រោង រួចមកហើយ គិតត្រឹមខែ កញ្ញា ឆ្នាំ ២០២៤ ។ ដោយរាប់បញ្ចូលទាំងគម្រោងដែលទទួលបានការឯកភាពជាគោលការណ៍ គិតត្រឹមខែ តុលា ឆ្នាំ ២០២៤, គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេស សរុបមានចំនួន ១៦៥ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មានចំនួន ២៣ គម្រោង ។ ក្នុងចំណោមគម្រោងទាំង ១៦៥,គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មានចំនួន ៨៥, គម្រោងថ្មី មានចំនួន ៦១, ការពង្រីកគម្រោង មានចំនួន ១៥ និង គម្រោងមានស្រាប់ មានចំនួន ៤ ។គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ។