គ្រោះទឹកជំនន់ដែលបណ្តាលមកពីទឹកកករលាយ បង្ខំឲ្យអាជ្ញាធរស្រុក Urals របស់រុស្ស៊ីត្រូវប្រញ៉ាប់ជម្លៀសមនុស្សរាប់រយនាក់ចេញ

អ្នកស្រុករាប់រយនាក់នៅតំបន់ Chelyabinsk និង Bashkortostan របស់រុស្ស៊ីត្រូវបានគេជម្លៀសចេញ ខណៈដែលទឹកកករលាយបណ្តាលឱ្យកម្រិតទឹកទន្លេកើនឡើងខ្ពស់ និងបង្ករជាទឹកជំនន់ពាសពេញភូមិ។ ក្រុមអ្នកជួយសង្គ្រោះនិងក្រុមអ្នកស្រុកបានដើរកាត់ទឹកជំនន់ពីទឹកកករលាយ ហើយបានប្រើទូកខ្លះដើម្បីជម្លៀសមនុស្សចេញ។ តំបន់ទីប្រជុំជន Asha ក្នុងតំបន់ Chelyabinsk មួយផ្នែកបានជន់លិចផ្ទះចំនួនជាង ២០០ខ្នង និងដីចំការចំនួន៣០០កន្លែងរបស់គ្រួសារពលរដ្ឋនីមួយៗ។ មនុស្ស ១៧០នាក់ត្រូវបានគេជម្លៀសចេញពីផ្ទះរបស់ពួកគេយ៉ាងប្រញ៉ាប់ដែរ។ នៅតំបន់ជិតខាងនៃក្រុង Bashkortostan វិញមានមនុស្សជាង១២០ នាក់ត្រូវបានគេជម្លៀសចេញដូចគ្នា។ លោក Eduard Idrisov ប្រធានស្តីទីនៃក្រសួងគ្រាអាសន្នរបស់រុស្ស៊ីប្រចាំតំបន់ Bashkortostan បាននិយាយថាមនុស្សប្រហែល៨០នាក់ រួមទាំងកុមារ ១៧ នាក់ដែរ ត្រូវបានគេជម្លៀសទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នដែលពួកគេបានបើកនៅតាមសាលារៀន ។ លោកបានបន្ថែមទៀតថា៖ អ្នកស្រុកត្រូវបានគេផ្តល់ជំនួយ រួមទាំងការត្រួតពិនិត្យមើលពីច្រកចូលផ្ទះផ្សេងៗទៀតដែរ។ ចំណែកអ្នកជំនាញវិញបាននិយាយថា អាកាសធាតុក្តៅខុសពីធម្មតាបានធ្វើឱ្យទឹកកករលាយ បង្ករជាទឹកជំនន់ឡើងខ្ពស់ផុតទឹកទន្លេ ដោយចាប់ផ្តើមកាលពី២សប្តាហ៍មុនមកម៉្លេះ។ កាលពីឆ្នាំមុន ទឹកជំនន់ដ៏ខ្លាំងនៅក្នុងតំបន់ Orenburg ដែលនៅជិតខាងនេះក៏បានធ្វើឱ្យអគារលំនៅដ្ឋានជាង១២០០០និងខ្នងផ្ទះប្រជាជនជាង ១៩០០០ ខ្នងបានលិចទឹក ហើយអ្នកស្រុករាប់ពាន់នាក់ត្រូវបានគេជម្លៀសចេញនាគ្រាអាសន្ននោះដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ