ចាប់ផ្តើមកែប្រែទម្លាប់ការងារថ្មីបែបបរិវត្តកម្មឌីជីថល ដើម្បីអភិវឌ្ឍន៍ និងរួមចំណែកពង្រីកវិសាលភាពស្ថាប័ន

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបង្ហាញអំពីវឌ្ឍនភាពការងារ និងការរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងពិភាក្សាអំពីសកម្មភាពប្រចាំថ្ងៃ បញ្ហាប្រឈម និងសំណូមពរនានារបស់អគ្គនាយកដ្ឋាន។ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ជម្រាបជូនឯកឧត្តម អនុរដ្ឋលេខាធិការ អំពីសកម្មភាពការងារសំខាន់ៗរបស់នាយកដ្ឋានទាំង៤, បង្ហាញអំពីផលវិបាក កង្វះខាតនានា ដែលអគ្គនាយកដ្ឋានកំពុងជួបប្រទះ និងការវិវត្តរីកចម្រើនទៅតាមសកម្មភាពសំខាន់ៗរបស់អគ្គនាយកដ្ឋាន។ ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់នូវអនុសាសន៍ និងពិភាក្សាការងារមួយចំនួន ដើម្បីកែសម្រួលការងារ និងជម្រាបជូនផែនការយុទ្ធសាស្ត្រមួយចំនួនដល់អគ្គនាយកដ្ឋាន។ឯកឧត្តម អនុរដ្ឋលេខាធិការ បានជម្រាបជូនអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ដែលជាផែនការអាណត្តិកាលសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីកំណត់ពីការរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨។ ឯកឧត្តម បានមានប្រសាសន៍ថា ការចាប់ផ្តើមកែប្រែទម្លាប់ការងារថ្មីបែបបរិវត្តកម្មឌីជីថល ដើម្បីអភិវឌ្ឍន៍ និងរួមចំណែកពង្រីកវិសាលភាពស្ថាប័ន ជាកត្តាដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់។ ឯកឧត្តម បានជម្រាបជូនថា បរិវត្តកម្មឌីជីថល គឺជារបៀប ឬដំណើរការនៃការប្រែក្លាយ ឬប្រព័ន្ធអភិបាលកិច្ចទាំងឡាយ ដែលមានស្រាប់ឲ្យទៅជាសេវាទំនើប ឬប្រព័ន្ធអភិបាលកិច្ចទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា គោលបំណង និងគោលដៅយុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថល គឺការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែទម្រង់គ្រប់វិស័យប្រកបដោយតម្លាភាព និងភាពទុកចិត្ត ព្រមទាំងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កសាងអភិបាលកិច្ច និងសេវាសាធារណៈឌីជីថល កសាងសមត្ថភាព និងនវានុវត្តន៍ឌីជីថល លើកកម្ពស់កិច្ចសហការ និងភាពជាដៃគូ៕