ឆ្នេរសមុទ្រចំនួន២នៅអូស្ត្រាលីត្រូវប្រកាសបិទខ្ទប់ជាផ្លូវការ ដោយសារមានពពុះផុសឡើងខុសពីធម្មតា បង្ករឲ្យត្រីងាប់រាប់សិបក្បាល និង ប៉ះពាល់ដល់សុខភាពស្បែកមនុស្ស

រដ្ឋមួយរបស់ប្រទេសអូស្ត្រាលីត្រូវបានបិទខ្ទប់ឆ្នេរចំនួនពីរដែរ បន្ទាប់ពីរកឃើញថាមានត្រីងាប់ និងពពុះពណ៌សរក្បុសពីផ្ទៃសមុទ្រខុសពីធម្មតាដោយវាបានបោកបក់មកលើច្រាំង ខណៈដែលក្រុមអ្នកហែលទឹកបានរាយការណ៍ថាវាដូចមិនសូវស្រួលនោះទេ។ មន្ត្រីផ្នែកវិទ្យាសាស្ត្រសំខាន់នៃអាជ្ញាធរការពារបរិស្ថានអូស្ត្រាលីលោក Sam Gaylard បាននិយាយថា ការរីកដុះដាលនៃសារធាតុ microalgal ដែលបង្កើតឡើងដោយលក្ខខណ្ឌអាកាសធាតុមិនធម្មតាត្រូវបានគេសង្ស័យថា ជាហេតុធ្វើឱ្យមនុស្សឈឺ និងជីវិតក្នុងសមុទ្រត្រូវបាត់បង់ ក៏ដូចជាបានបង្កើតចេញមកជាពពុះគ្របដណ្តប់ផ្ទៃទឹករាប់រយម៉ែត្រលើឆ្នេរសមុទ្រដែរ។ លោក Gaylard បានប្រាប់ក្រុមហ៊ុន Australian Broadcasting Corp ថា “វាជាស្ថានភាពគួរឲ្យព្រួយបារម្ភខ្លាំងណាស់នៅក្នុងពពុះទំហំបែបនេះ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អបានបង្ករវាឡើង ទោះបីយើងតែងតែទទួលបានវាម្តងម្កាល ប៉ុន្តែពេលនេះគឺវាជាស្ថានភាពមិនធម្មតានោះទេ”។ ចំណែកនាយកដ្ឋានបរិស្ថាន និងទឹកអូស្រ្តាលីវិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្នេរ Waitpinga និងឆ្នេរ Parsons ដែលនៅជិតនោះទាំងនៅភាគខាងត្បូងនៃរដ្ឋ South Australia រដ្ឋ Adelaide ត្រូវបានបិទជាសាធារណៈចាប់តាំងពីថ្ងៃចន្ទមក ដើម្បីឆ្លើយតបទៅនឹង “ហេតុការណ៍បង្ករឲ្យមានត្រីងាប់ច្រើនក្នុងតំបន់” ។ នាយកដ្ឋានបាននិយាយទៀតថា “ឆ្នេរនឹងត្រូវបានបើកឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើស្ថានភាពលើឆ្នេរវិលមករកសភាពដូចដើម” ។ ត្រីងាប់រាប់សិបក្បាលត្រូវបានគេរាយការណ៍ថាត្រូវទឹកនាំមកទើនៅលើច្រាំង។ ហើយកាលពីចុងសប្តាហ៍មុនក្រុមអ្នកជិះស្គីទឹកនៅ Waitpinga បានរាយការណ៍ថាពួកគេទទួលបានអាក្ការៈឈឺភ្នែក ឈឺបំពង់ក និងក្អកខ្លាំងបន្ទាប់ពីប៉ះជាមួយនឹងទឹកសមុទ្រមានពពុះបែបនេះ។ លោក Gaylard ជាអ្នកវិទ្យាសាស្ត្រសមុទ្រម្នាក់បានយកសំណាកទឹកពីពពុះនោះទៅពិនិត្យជាលទ្ធផលគឺវាកើតចេញពុកផុយនៃសារពាង្គកាយពុលក្នុងសមុទ្រ ប៉ុន្តែវាអាចចំណាយពេលរហូតដល់ចុងសប្តាហ៍ក្រោយដើម្បីកំណត់អត្តសញ្ញាណថាជាសារពាង្គកាយអ្វីឲ្យប្រាកដនោះ។ លោកបាននិយាយថា ការរីកដុះដាលនៃសារធាតុ microalgae តាមរយៈមីក្រូទស្សន៍និងកោសិកាតែមួយ អាចបណ្តាលមកពី   រយៈពេលអាកាសធាតុក្តៅនៅតែបន្ត និងស្ងួតខ្លាំងនាពេលថ្មីៗនេះ ជាមួយនឹងខ្យល់តិចតួច និងជំនោរសមុទ្រទាប។ លោកបន្តទៀតថា៖ ការហើមប៉ោងនៃពពុះសមុទ្រនេះបានកើតឡើងចាប់តាំងពីថ្ងៃអាទិត្យមក ដោយវាក៏បានធ្វើឲ្យមានភាពច្របូកច្របល់គ្នា បំបែកផ្ទាំងសារាយ     សមុទ្រ និងរួមចំណែកបង្កើតជាពពុះកាន់តែច្រើនជាងមុនបានដែរ៕ 

 

សម្រួលអត្ថបទ៖ សុផារិន្ទ