ជប៉ុនរងគ្រោះរញ្ជួយដីដ៏ខ្លាំងជាថ្មីកម្រិត ៦.៤រ៉ិចទ័រនៅតំបន់Noto! ខណៈដែលតំបន់នេះធ្លាប់រងគ្រោះកាលពីដើមឆ្នាំ២០២៤កម្រិត៧.៦រ៉ិចទ័រ សម្លាប់មនុស្សជាង៣៧០នាក់
គ្រោះរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារប្រទេសជប៉ុនកាលពីល្ងាចថ្ងៃអង្គារនេះនៅតំបន់ភាគខាងជើង និង ភាគកណ្តាលនៃប្រទេសគឺ Noto ដែលហេតុការណ៍នេះបានកម្រើកឡើងជាថ្មីក្រោយគ្រោះរញ្ជួយដីចាស់ដ៏សាហាវនៅដើមឆ្នាំ២០២៤នេះ។ ប៉ុន្តែគ្រោះរញ្ជួយដីលើកនេះមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ និង មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា គ្រោះរញ្ជួយដីកាលពីល្ងាចមិញនេះមានកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងលិចនៃតំបន់ឧបទ្វីប Noto របស់ជប៉ុនក្នុងជម្រៅ១០គីឡូម៉ែត្រ។ ទីភ្នាក់ងារនេះបាននិយាយទៀតថាមិនមានគ្រោះថ្នាក់ដោយសាររលកយក្សស៊ូណាមិទេ ប៉ុន្តែ USGS បានបញ្ជាក់ថាដំបូងវាមកជាមួយនឹងកម្រិត ៦.១ រ៉ិចទ័រ ក៏ជាកម្រិខ្ពស់ដែរ។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីមនុស្សរបួសឬការខូចខាតនោះទេ។ សូមរំលឹកថាកាលពីដើមឆ្នាំ២០២៤នេះជប៉ុនក៏ទទួលរងនូវគ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រដែលបានវាយប្រហារតំបន់ Noto ដដែលនេះដែរ កាលពីថ្ងៃទី១ខែមករា ដោយបានសម្លាប់មនុស្សជាង៣៧០នាក់ និងបំផ្លាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ទូរទស្សន៍សាធារណៈ NHK បាននិយាយថា មិនមានអ្វីខុសប្រក្រតីត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារនេះទេ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ នៅចុងភាគខាងជើងនៃឧបទ្វីប Noto នោះ។ ចំណែកស្ថានភាពរ៉េអាក់ទ័រពីរដែលទុកចោលនៅរោងចក្រថាមពលនុយក្លេអ៊ែរ Shika គឺបានរងការខូចខាតបន្តិចបន្តួច ទោះបីជាមិនមានការលេចធ្លាយវិទ្យុសកម្មក៏ដោយ ប៉ុន្តែវានៅតែធ្វើឲ្យជប៉ុនមានក្តីព្រួយបារម្ភឡើងវិញអំពីសុវត្ថិភាពនុយក្លេអ៊ែរ និងការឆ្លើយតបជាបន្ទាន់នៅក្នុងតំបន់រងគ្រោះដដែលៗនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ