ជាកិត្តិយសសម្រាប់កម្ពុជា! ព្រះអង្គម្ចាស់រជ្ជទាយាទនៃលុចសំបួ អញ្ជើញមកបំពេញព្រះរាជទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងយល់ពីរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ ដែលបានអញ្ជើញមកបំពេញព្រះរាជទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ មានការអមដំណើរដោយ ឯកឧត្តម Xavier Bettel, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌, និង ឯកឧត្តម ឌិត ទីណា, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការយាងមកកម្ពុជារបស់ព្រះអង្គម្ចាស់ Guillaume ជាសញ្ញានៃទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ ជាពិសេសក្នុងវិស័យវប្បធម៌ ទេសចរណ៍។
រូបថត៖ រដ្ឋបាលខេត្តសៀមរាប