ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំនៅខេត្តប៉ៃលិន បានស្រកអស់ វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២៖៤៧យប់
ប៉ៃលិន ៖ បើតាមការបញ្ជាក់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ ជនលិចច្រកព្រំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង ១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារ នៅព្រឹកស្អែកបន្តទៀត ។
តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត គឺក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ ហើយជាមួយគ្នានោះផងដែរ លោកជំទាវក៍បានជូនដំណឹងដល់បងប្អូនពលរដ្ឋ ជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹក សូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ នៅព្រឹកស្អែក វេលាម៉ោង ៨ «បញ្ចាក់៖ ម៉ូតូដែលក្រុមការងារសង្គ្រោះរក្សាទុកជូន មានចំនួន ៣៤គ្រឿង ដោយនៅបាត់ម៉ូតូ មួយចំនួន និងម៉ូតូកង់បី ២គ្រឿង ហើយក្រុមការងារកំពុងស្វែងរកបន្តទៀត ។
នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។
សូមបញ្ជាក់ថា៖ ច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតា បន្ទាប់ពីទទួលរងទឹកជំនន់ កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណ ដល់កងកំលាំងនៃគណៈបញ្ចាការឯកភាពខេត្ត ទាំងបី ប្អូនៗយុវជន សសយក និងអាជ្ញាធរមូលដ្ធាន គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសសូមអរគុណដល់ក្រុមការងារភាគីថៃ ដែលបានសហការសម្របសម្រួល បើកច្រកទ្វារព្រំដែន ជួយអោយអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងកាត់ ដោយគ្មានកំណត់ពេលវេលា ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ ។
ប៉ៃលិន 19-10-2024