ជំនួបពិភាក្សាទ្វេភាគីរវាងអគ្គរដ្ឋអាជ្ញាសិង្ហបុរី និងអគ្គព្រះរាជអាជ្ញាកម្ពុជា
លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមជំនួបទ្វេភាគីជាមួយ ឯកឧត្តម លូស៊ាន វុង (Lucien Wong) អគ្គរដ្ឋអាជ្ញាសឹង្ហបុរី ក្នុងអំឡុងពេលសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១៤ ក្រោមប្រធានបទ”ការជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ”។ លោកជំទាវអគ្គព្រះរាជអាជ្ញាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអគ្គរដ្ឋអាជ្ញាសិង្ហបុរីចំពោះការអញ្ជើញ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ភាគីសិង្ហបុរី ចំពោះគណៈប្រតិភូកម្ពុជា។ លោកជំទាវអគ្គព្រះរាជអាជ្ញា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រធានបទសម្រាប់សន្និសីទនេះ ដោយហេតុថា ការកើនឡើងនូវបទល្មើសឆ្លងដែនសម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ បទល្មើសឆបោក និងហិរញ្ញប្បទានភេរវកម្ម ដែលនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច និងសន្ដិសុខប្រទេស តំបន់ និងសកលលោក។ បន្ថែមពីកិច្ចពិភាក្សាអំពីប្រធានបទខាងលើ លោកជំទាវអគ្គព្រះរាជអាជ្ញា បានជំរុញបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងអគ្គរដ្ឋអាជ្ញានៃប្រទេសសិង្ហបុរី តាមរយៈការរៀបចំនូវវគ្គបណ្តុះបណ្តាលបច្ចេកទេស និងទស្សនកិច្ចសិក្សានានា ក៏ដូចជាការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃប្រទេសទាំងពីរ។