ជំនួបសម្តែងការគួរសមរវាងគណៈប្រតិភូគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាន និងលោក ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ

លោក អេង តែតតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាននិងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២៥ នៅមន្ទីរអធិការកិច្ចខេត្តព្រះសីហនុ។
ក្នុងជំនួបនេះ លោក ប្រធានមន្ទីរអធិការកិច្ចខេត្ត បានលើកឡើងអំពីកត្តាភូមិសាស្ត្រក្នុងខេត្តក៏ដូចជាសក្កានុពលរបស់ខេត្តព្រះសីហនុក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានធ្វើឲ្យប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចម្រើនដូចនាពេលបច្ចុប្បន្ន។
ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិដូចជា វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្មនិងវិស័យគមនាគមន៍និង មានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស មានផ្លូវល្បឿនលឿនក្នុងការតភ្ជាប់ទៅកាន់បណ្ដារាជធានីខេត្ត និងមានកំពង់ផែទឹកជ្រៅដែលមានភាពងាយ ស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅមកជាមួយបណ្ដាប្រទេសនានាទូទាំងពិភពលោកផងដែរ។ លោកក៏បានលើកឡើងអំពីភារកិច្ចសំខាន់ៗ របស់មន្ទីរអធិការកិច្ចខេត្ត ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធ ការងារអប់រំផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់ និងការងារទទួលដោះស្រាយបណ្ដឹង។
ជាមួយគ្នានោះលោកប្រធានមន្ទីរ បានពាំនាំការផ្ដាំផ្ញេីរបស់ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងសូមឲ្យគណៈប្រតិភូខេត្តយូណានដែលបានមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះបន្តផ្សព្វផ្សាយអំពីសក្កានុពលរបស់ខេត្តនិងជំរុញអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ មកកាន់ខេត្តព្រះសីហនុ ដើម្បីមានការអភិវឌ្ឍន៍ពីចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតផងដែរ។
មានប្រសាសន៍នាឱកាសនោះលោក Lei Gang ប្រធានគណៈប្រតិភូនិងជាសមាជិកអចិន្ត្រៃយ៍នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន បានកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះសីហនុ និងការទទួលស្វាគមន៍ពីមន្ទីរអធិការកិច្ចខេត្តព្រះសីហនុ នឹងបានលើកឡើងអំពីទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរដែលបានរួមសុខរួមទុក្ខជាមួយគ្នារយៈពេលកន្លងមកនឹងបន្តទៅអនាគត។ ហើយដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅក្នុងខេត្តព្រះសីហនុនាពេលនេះ លោកបានស្វែងយល់ស៊ីជម្រៅអំពីតួនាទីភារកិច្ចរបស់មន្ទីរអធិការកិច្ចខេត្តព្រះសីហនុ ដែលបានបំពេញការងារបានយ៉ាងល្អ ហើយទំនាក់ទំនងរវាងខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជានឹងបង្កើនពង្រឹងចំណងមិត្តភាពកិច្ចសហប្រតិបត្តិការកសាងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ។