ជំនួយមនុស្សធម៌របស់ UN សម្រាប់ជនរងគ្រោះរញ្ជួយដ៏កាចសាហាវបានទៅដល់ ទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាហើយ ខណៈតួរលេខមនុស្សស្លាប់កើនដល់ ៣១៤៥នាក់ 

ជំនួយប្រហែលជា៨០តោនបានទៅដល់ទីក្រុងដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាគឺយ៉ាំងហ្គោនកាលពីថ្ងៃព្រហស្បតិ៍នេះហើយ ដើម្បីជួយដល់មនុស្សដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីដ៏កាចសាហាវមិនធ្លាប់មាននៅមីយ៉ាន់ម៉ា។ ជំនួយនេះត្រូវបានបញ្ជូនដោយអង្គការយូនីសេហ្វ ខណៈដែលក្រុមជំនួយមនុស្សធម៌កំពុងព្យាយាមផ្តល់ការថែទាំផ្នែកសុខភាព និងទីជំរកដល់អ្នកនៅរស់រានមានជីវិតដែរ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាដឹកនាំដោយយោធាបាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីជិតមួយសប្តាហ៍មុនបានកើនឡើងដល់ ៣១៤៥នាក់ ខណៈដែលក្រុមស្វែងរក និងជួយសង្គ្រោះបានរកឃើញសពមនុស្សបន្ថែមបន្តបន្ទាប់ទៀត។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃទី២៨ខែមីនា គឺស្ថិតនៅជិតទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា។ វាបានបំផ្លាញអគាររាប់ពាន់ខ្នថ បណ្តាលឲ្យផ្លូវថ្នាក់ដែលជាប់គាំងដោយសារប្រេះបែក និងបំផ្លាញស្ពានក្នុងតំបន់ជាច្រើនខ្សែ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍អំពីចំនួនមនុស្សស្លាប់និងរបួសមានចំនួនច្រើនជាងតួលេខផ្លូវការ។ ជាមួយនឹងទូរគមនាគមន៍ទ្រង់ទ្រាយធំ និងកន្លែងជាច្រើនទៀតដែលពិបាកទៅដល់ តួលេខអាចកើនឡើងខ្ពស់ នៅពេលដែលព័ត៌មានលម្អិតបន្ថែមចូលមក។ របាយការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នេះដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាគ្រោះរញ្ជួយដី បានបន្តប៉ះពាល់ដល់មនុស្សជាង ១៧លាននាក់នៅទូទាំង៥៧ខេត្ត និងសង្កាត់ចំនួន៣៣០ក្នុងប្រទេស រួមទាំងជាង ៩ លាននាក់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher និងបេសកជនពិសេស Julie Bishop បានទៅដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះហើយ។ អគ្គលេខាធិការរូបនេះបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើនជាបន្ទាន់នូវមូលនិធិសម្រាប់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដី និងជំរុញឱ្យ ចូលសង្រ្គោះដោយគ្មានឧបសគ្គរារាំង ដើម្បីទៅដល់អ្នកដែលត្រូវការជំនួយពិតប្រាកដ។ គ្រោះរញ្ជួយដីនេះបានធ្វើឱ្យវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមនុស្សជាង៣លាននាក់ត្រូវគេភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងជិត២០លាននាក់ត្រូវការចាំបាច់សូម្បីតែមុនពេលវាវាយប្រហារក៏ដោយ នេះបើយោងតាមអង្គការសហប្រជាជាតិ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ