ជ័យលាភីលេខ១នៃការប្រឡងថ្លែងសុន្ទរកថាជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យលើកទី១៤ បានទៅសិស្សវិទ្យាល័យព្រះស៉ីសុវត្ថិ, ម្ចាស់ជ័យលាភីត្រៀមទៅប្រកួតលំដាប់អន្តរជាតិនៅជប៉ុន
ជ័យលាភីលេខ១នៃការប្រឡងថ្លែងសុន្ទរកថាជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យលើកទី១៤ បានទៅលើយុវតី ឯម សៀវម៉ី ជាសិស្សមកពីវិទ្យាល័យព្រះស៉ីសុវត្ថិ រាជធានីភ្នំពេញ ខណៈសៀវម៉ី នឹងត្រៀមចូលរួមប្រកួតជាមួយជ័យលាភីលេខ១មកពីប្រទេសផ្សេងៗទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុនខាងមុខនេះ។
គួរជម្រាបថា ការប្រឡងថ្លែងសុន្ទរកថាជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យ ត្រូវបានរៀបចំឡើង១៣លើករួចមកហើយ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនអេអ៉ិលស៉ី (ALC Communication)។ សម្រាប់ការប្រឡងលើកទី១៤នេះ មានបេក្ខជន-បេក្ខនារីចូលរួមចំនួន៧នាក់ ដែលធ្វើឡើងនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ជប៉ុន (CJCC) ក្រោមអធិបតីភាព ឯឧ ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី មីយ៉ូស្ស៉ិ អាសាគី (MIYOSHI Asagi) ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្រោយពីបញ្ចេញសមត្ថភាពម្ដងម្នាក់ៗរួចមក គណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុ បានវាយតម្លៃយ៉ាងសុក្រឹតនិងយុត្តិធម៌លើបេក្ខជន-បេក្ខនារីទាំង៧នាក់ ក្នុងនោះជ័យលាភីលេខ១បានទៅលើយុវតី ឯម សៀវម៉ី ជាសិស្សមកពីវិទ្យាល័យព្រះស៉ីសុវត្ថិ។
លោកស្រី ឡុច ល័ក្ខស្មី នាយិការងវិទ្យាស្ថានភាសាបរទេស (IFL) បានឱ្យដឹងថា ចំពោះសិស្សជ័យលាភីលេខ១របស់កម្ពុជា នឹងត្រូវបន្តទៅប្រកួតជាមួយជ័យលាភីលេខ១មកពីប្រទេសផ្សេងៗទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីប្រជែងយកជ័យលាភីលេខ១ទូទាំងពិភពលោក។ ការចូលរួមប្រកួតនេះ កម្មវិធីមានផ្ដល់ជូនមធ្យោបាយធ្វើដំណើរ ស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗទៀត។ ចំពោះជ័យលាភីលេខ២ និងលេខ៣ ក៏ទទួលបានរង្វាន់លើកទឹកចិត្តជាប្រាក់រង្វាន់ នាឡិកាដៃ ការទទួលបានប្រាក់បង់ថ្លៃសិក្សានៅដេប៉ាទីម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំណែកបេក្ខជន-បេក្ខនារីដែលមិនទទួលបានជ័យលាភីក៏ទទួលបានរង្វាន់លើកទឹកចិត្តគ្រប់គ្នាដែរ។
លោកស្រី ឡុច ល័ក្ខស្មី បន្តថា គោលបំណងនៃការរៀបចំប្រឡងថ្លែងសុន្ទរកថាជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យនេះ គឺចង់ផ្ដល់ឱកាសដល់សិស្សវិទ្យាល័យដែលខិតខំប្រឹងប្រែងរៀនភាសាជប៉ុន បានបញ្ចេញសមត្ថភាពរបស់ខ្លួន និងទទួលបានឱកាសចូលរួមជាមួយសិស្សមកពីប្រទេសផ្សេងៗទៀត។ ម្យ៉ាងវិញទៀត នៅពេលបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ពួកគេនឹងបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាទីម៉ង់ភាសាជប៉ុន ឬទៅសិក្សានៅប្រទេសជប៉ុន។
ទន្ទឹមនឹងការអបអរសាទរចំពោះការប្រឡងនេះ លោកស្រីទីប្រឹក្សា មីយ៉ូស្ស៉ិ អាសាគី បានឱ្យដឹងថា បច្ចុប្បន្ន នៅប្រទេសជប៉ុន ក៏ដូចជាអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជា កំពុងត្រូវការយុវវ័យកម្ពុជាដែលចេះភាសាជប៉ុនឱ្យចូលបម្រើការងារផ្សេងៗ ដូច្នេះនេះជាឱកាសដ៏ពិសេសសម្រាប់អ្នករៀនភាសាជប៉ុន អ្នកចេះភាសាជប៉ុន ក៏ដូចជាអ្នកដែលចង់សិក្សាភាសាជប៉ុន។
ឯឧ រដ្ឋលេខាធិការ ពិត ចំណាន បានលើកទឹកចិត្តដល់សិស្សានុសិស្សកម្ពុជាដែលសិក្សាភាសាបរទេស មានភាសាជប៉ុនជាដើមនេះ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានច្បាស់លាស់ ព្រោះភាសាបរទេសជាស្ពានចម្លងពួកគេឱ្យរកភាពរីកចម្រើនក្នុងការសិក្សាផង និងងាយស្រួលក្នុងការប្រាស្រ័យការងារជាមួយស្ថាប័នបរទេស។ ឯឧ ក៏បានផ្ដាំផ្ញើដល់សិស្សដែលរៀននិងចេះភាសាជប៉ុនគួរសិក្សាពីឥរិយាបថ ទម្លាប់រស់នៅ និងវិន័យការងាររបស់ជនជាតិជប៉ុន ការខិតខំប្រឹងប្រែងរបស់ជនជាតិជប៉ុនដែលធ្លាប់ខ្ទេចខ្ទាំដោយសារសង្គ្រាមលោកលើកទី២ ប៉ុន្តែបានអភិវឌ្ឍខ្លួនឱ្យមានការរីកចម្រើន រហូតក្លាយជាប្រទេសមហាអំណាចនៅអាស៉ី។
សូមរំឭកថា ការប្រឡងថ្លែងសុន្ទរកថាជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យដែលធ្វើឡើងចំនួន១៣លើកមកនោះឃើញថា សិស្សជ័យលាភីលេខ១នៅកម្ពុជាក៏បានទៅចូលរួមប្រកួតនៅប្រទេសជប៉ុនដែរ ទោះបីមិនជាប់ជ័យលាភីលេខ១ទូទាំងពិភពលោក ប៉ុន្តែពួកគេក៏ធ្លាប់ទទួលបានការកោតសរសើរពីទស្សនិកជនថា ថ្លែងសុន្ទរកថាបានល្អ និងទទួលបានរង្វាន់លើកទឹកចិត្តជាហូរហែ ខណៈពួគគាត់ទាំងនោះ អ្នកខ្លះក៏កំពុងបន្តការសិក្សាភាសាជប៉ុនបានយ៉ាងល្អ អ្នកខ្លះក៏បានទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសជប៉ុន ខ្លះទៀតក៏បានការងារធ្វើនៅប្រទេសជប៉ុន៕