ដំណើរការការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ក្រោមគម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំទៅសិក្សានៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ភ្នំពេញ៖ ដំណើរការសំណេរជាជំហានទី១ នៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ក្រោមគម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំទៅសិក្សានៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ៦១០នាក់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០នាក់ និងថ្នាក់បរិញ្ញាបត្រ ៥១០នាក់) និងត្រូវបានបែងចែកជា ២៤បន្ទប់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤បន្ទប់ និងថ្នាក់បរិញ្ញាបត្រ ២០បន្ទប់)។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់កិត្តិយសអញ្ជើញបើកវិញ្ញាសា និងពិនិត្យដំណើរការប្រព្រឹត្តទៅនៃដំណាក់កាលសំណេរជំហានទី១ នេះ។ បេក្ខជនដែលចូលរួមប្រឡង បានឆ្លងកាត់ការប្រឡងលើវិញ្ញាសាវប្បធម៌ទូទៅ និងភាសា អង់គ្លេសសម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងលើវិញ្ញាសាគណិតវិទ្យា និងភាសាអង់គ្លេស សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ។

សូមគូសបញ្ជាក់ផងដែរថា គណៈកម្មការទទួលខុសត្រូវរួម គណៈកម្មការអប្បមាទ គណៈមេប្រយោគមណ្ឌលសំណេរ គណៈកម្មការកណ្តាលសំណេរ គណៈកម្មការអនុរក្ស ក្រុមសុវត្ថិភាពមណ្ឌលសំណេរ និងគណៈកម្មការពាក់ព័ន្ធផ្សេងទៀត បានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ នៅក្នុងមណ្ឌលប្រឡងមានដំណើរការប្រព្រឹត្តទៅរលូន ប្រកបដោយភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។

តាមការគ្រោងទុក បេក្ខជនដែលប្រឡងជាប់ដំណាក់ កាលសំណេរនេះ នឹងត្រូវចូលរួមការប្រឡង និងសម្ភាសន៍ជំហានទី២ ក្នុងសប្ដាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងភាគីគម្រោង៕