ដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល បានចាប់ផ្ដើម
ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល បានចាប់ផ្ដើមបើកដំណើរការប្រទ្បងប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ (វិញ្ញាសាសរសេរលើកទី២) ដែលមានការអញ្ជើញជាអធិបតីរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមការប្រឡងប្រជែងនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូបជូនបេក្ខជនប្រឡង ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
សូមបញ្ជាក់ថាតាមការគ្រោងទុក បេក្ខជនចំនួន ៥៨៣អង្គ/នាក់ (ស្រី ១៥៦នាក់) ដែលបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរលើកទី១ នាពេលកន្លងមក ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសាសរសេរលើកទី២) នៅពេលនេះ៕