ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងនៅសួនច្បារសម្តេចចៅហ្វាវាំង

ដោយទទួលបានការគាំទ្រ និងឯកភាពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរក្រុងនិងអាជ្ញាធរដែលពាក់ព័ន្ធ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីដំណើរ ភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ នៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង។ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនច្បារសម្តេចចៅហ្វាវាំង មានការបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដែលក្នុងនោះមានភាពយន្តចិនរឿងខ្ញុំមិនមែនជាអ្នកស្នងមរតក និងភាពយន្តឯកសារស្តីពីការផលិតកុលាលភាជន៍តាមបែបប្រពៃណីរបស់បងប្អូនអ្នកភូមិអណ្តូងឫស្សីនៃខេត្តកំពង់ឆ្នាំងដោយមានការចូលរួមទស្សនាពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកមកលំហែកាយនិងមកលំហាត់ប្រាណក្នុងទីតាំងដ៏មនោរម្យនេះ។សូមបញ្ជាក់ជូនថាកម្មវិធីដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ ឆ្នាំ២០២៤ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំង២ និងជាឱកាសសម្រាប់ប្រជាជនកម្ពុជាយើងបានសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិនផងដែរ។ បន្ទាប់ពីចាក់បញ្ចាំងនៅសួរច្បារសម្តេចចៅហ្វាវាំង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការបញ្ចាំងនៅតារាងបាល់ទាត់មុខសាលាខេត្ត ក្រុងកំពង់ឆ្នាំង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនច្បារវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតារាងបាល់ទាត់មន្ទីរអប់រំខេត្ត ក្រុងកំពង់ឆ្នាំងនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណ វិទ្យាល័យកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច៕