តើអ្នកចង់បានសង្រ្គាមឬសន្តិភាព? ទោះបីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុម Hezbollah កំពុងដំណើរការពិតមែន! ប៉ុន្តែពលរដ្ឋប៉ាលែស្ទីនរាប់ពាន់នាក់នៅតែវេទនា

ស្ថិតក្នុងស្ថានភាពកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ និងទឹកយ៉ាងធ្ងន់ធ្ងរផង កង្វះសន្តិសុខផង ប្រជាជនប៉ាឡេស្ទីនដែលបានផ្លាស់ទីលំនៅពីភាគខាងជើងហ្គាហ្សាបានទៅកាន់ទីក្រុងហ្គាហ្សា ហើយេពេលនេះពួកគេកំពុងរស់នៅក្នុងសំពត់តង់រខេករខាកជាមួយនឹងគំនរសំរាម និងកម្ទេចថ្មសល់ពីសង្រ្គាម។ ។ បុរសម្នាក់ដែលមកពីភាគខាងជើងជាមួយសមាជិកគ្រួសារ១១នាក់ បាននិយាយប្រាប់អ្នកព័ត៌មានថា«យើងចេញទៅក្រៅដោយជើងទទេ ហើយអាក្រាតកាយ ព្រោះតែភាពភ័យស្លន់ស្លោរពេក! យើងនិងកូនរបស់ពួកយើងគ្មានបានយកអ្វីមកជាមួយទេ មកដល់ពេលនេះពួកយើងនៅតែរស់នៅគ្មានអ្វីសោះ ភាពអត់ឃ្លាន បានសម្លាប់ពួកយើងជាបណ្តើរៗ ហើយយើងអត់មានលុយកាក់សូម្បីមួយកាក់មួយសេន គ្មានសំលៀកបំពាក់ គ្មានពូក ឬភួយសម្រាប់រដូវរងារនោះទេ ដូចដែលអ្នកបានឃើញថានៅទីនេះ យើងបានរស់នៅក្នុងទីតាំងដែលហ៊ុមព័ទ្ធដោយសំរាមគ្មានទឹកផឹកគ្រប់គ្រាន់ទេ យើងនៅតាមដងផ្លូវជាមួយនឹងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ»។ នៅក្បែរតង់របស់លោក Marouf លោកបានអង្គុយនៅលើគំនរសំរាម មានទាំងកាកសំណល់ កម្ទេចថ្ម និងកន្លែងដ៏តូចង្អៀតដែលពោរពេញដោយសំពត់តង់រខេកររខាកជាជួរបែបរាយប៉ាយនៅតាមដងផ្លូវធំមួយ ដែលទីកន្លែងមានគ្រួសារប៉ាលែស្ទីនជាច្រើនបានផ្លាស់ទីលំនៅពីកន្លែងផ្សេងទៀត និង កំពុងបន្តស្នាក់នៅដោយខ្វះសម្ភារៈប្រើប្រាស់សំខាន់ៗជាច្រើនគ្មានឧបករណ៍ម្អិនអាហារ និងទឹកសម្អាតអ្វីសោះ។ «យើងរស់នៅក្នុងសំពត់តង់ក្នុងស្ថានភាពលំបាកខ្លាំងណាស់ យើងរស់នៅជាមួយនឹងសំរាម ជាមួយនឹងហ្វូងមនុស្សពីប្រភពផ្សេងគ្នា រស់នៅជាមួយនឹងសម្បុកមូស ទោះបីជាយើងព្យាយាមសម្អាតសំរាមជុំវិញតង់របស់យើងយ៉ាងណា គ្មានអ្នកណាខ្វល់ពីពួកយើងដែរ យើងវេទនាណាស់ យើងនៅជិតផ្លូវធំ ហើយមានធូលីហុយ និងពេលខ្លះមានគ្រាប់បែកធ្លាក់លើមនុស្ស និងកុមារស្រស់ៗនៅនឹងមុខយើងតែម្តង នេះជាសំដីរបស់ លោក Imad Abu Jedian ដែលពលរដ្ឋផ្លាស់ទីមកពីតំបន់ Jabaliya ដែលបានបាត់បង់កូនប្រុស២នាក់ និងបងប្អូន២នាក់រួចទៅហើយអំឡុងពេលសង្រ្គាម។ លោកបានបន្ថែមថា ផ្ទះបាយសប្បុរសធម៌ដែលគាត់ស្នាក់នៅ គឺអាចបម្រើឲ្យមនុស្សបានត្រឹមតែ៥០០នាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលភៀសខ្លួននៅក្នុងតំបន់នេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ