តំណាងរាជរដ្ឋាភិបាល និងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក ដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងហត្ថលេខី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) តំណាងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) លើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement-FA)។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង គណៈកម្មការអន្តរក្រសួងចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែក ប្រតិភូ RRPLC និងមន្រ្តីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួង ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺជំហ៊ានដំបូង ដើម្បីជាមូលដ្ឋានឈានដល់ការចរចារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងស្វែងរកដៃគូរយុទ្ធសាស្រ្តដែលមានចំណេះជំនាញ និងបទពិសោធន៍លើវិស័យផ្លូវដែក ដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕