ត្រីរាជមួយក្បាល ទម្ងន់១៣២គីឡូក្រាម ដែលចាប់បានដោយអ្នកនេសាទ ទទួលបានការជួយសង្គ្រោះ និងលែងចូលបឹងធម្មជាតិវិញ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន់ នៅដាយត្រីគន្លងលេខ៣A  (ដាយរាជធានីភ្នំពេញ)។

ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។

សូមបញ្ជាក់ថា ត្រីរាជ១ក្បាលនេះ ធ្លាប់ត្រូវបានក្រុមការងារលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ កាលពីពេលកន្លងទៅរួចហើយ ដោយសារត្រីនេះមានស្លាកស្មាមបំពាក់ស្លាកសញ្ញាសំគាល់ ប៉ុន្តែស្លាកសញ្ញាសំគាល់នោះបានរបូតចេញពីខ្លួនត្រីបាត់។

គួរជម្រាបថា ត្រីរាជ ស្ថិតក្នុងអំបូរ ប៉ង់ហ្គាស៊ីដេ (Pangasiidae) ហើយមានឈ្មោះជាភាសាអង់គ្លេស Mekong Giant Catfish និងមានឈ្មោះវិទ្យាសាស្រ្ត Pangasianodon gigas។ ត្រីរាជ អាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី ត្រីរាជមានស្បែករលោង មានពុកមាត់ខ្លី២គូ មានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន៧ ព្រុយខ្លាញ់តូច ព្រុយគូទវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។

ត្រីរាជ ចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចរឆ្ងាយ។ ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។

ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី ០៦ ទៅ ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង១២ ទៅ ១៥សង់ទីម៉ែត្រ៕