ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន ៧៩%ហើយ ដែលមានន័យថាស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។
ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង៕