ថៃរៀបចំប្រារព្ធខួប២០ឆ្នាំរំលឹកដល់គ្រោះថ្នាក់ធម្មជាតិដ៏សាហាវរលកយក្សស៊ូណាមិ ២០០៤-២០២៤ សម្លាប់មនុស្សជាង២៣ម៉ឺននាក់ នៅតាមប្រទេសនិងដែនដីជាង៤០

ពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតបានចាប់ផ្តើមហើយនៅថ្ងៃព្រហស្បតិ៍នេះនាភាគខាងត្បូងប្រទេសថៃ ដើម្បីរំលឹកខួបនៃសោកនាដកម្ម២០ឆ្នាំចាប់តាំងពីរលកយក្សស៊ូណាមិបានវាយប្រហារនៅមហាសមុទ្រឥណ្ឌានិងបន្តសម្លាប់មនុស្សរាប់សែននាក់ដោយក្នុងនោះមានខេត្តចំនួន៣របស់ប្រទេសថៃផងដែរ។ កាលនោះកម្រិតរញ្ជួយដី៩.១ រ៉ិចទ័របានរាលដាលពីឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ ២០០៤ បានបង្កឲ្យមានរលកយក្សស៊ូណាមិនិងបានសម្លាប់មនុស្សយ៉ាងរង្គាលភ្លាមៗក្នុងចំនួនប្រហែលជា២៣ម៉ឺននាក់នៅតាមប្រទេសនិងដែនដីនានាជាង៤០ ហើយកម្លាំងរុញច្រានរបស់វាក៏បានបន្តឈានទៅដល់ទ្វីបអាហ្វ្រិកខាងកើតផងដែរ។ កាលពី២០ឆ្នាំមុនពិភពលោកពិតជាសោកសង្រេងជាពន់ពេកដោយសាររលកយក្សស៊ូណាមិ បានឆក់យកជីវិតមនុស្សជាង៨០០០នាក់នៅក្នុងប្រទេសថៃក្នុងខេត្តជាប់មាត់សមុទ្រ រួមទាំងមនុស្សជាច្រើននាក់នៅតែបន្តបាត់ខ្លួន និងមិនអាចរកឃើញ ដោយគ្រាន់តែបន្សល់ទុកនូវស្លាកស្នាមយ៉ាងឈឺចាប់ក្នុងប្រវត្តិសាស្ត្រក្នុងប្រទេសនេះ ជាពិសេសគឺភ្ញៀវទេសចរណ៍បរទេសដែលមកកំសាន្តនៅប្រទេសថៃ និង ជាហេតុធ្វើឲ្យជនបរទេសភាគច្រើនមកកាន់ខេត្តទាំងនោះដើម្បីរំលឹកដល់សាច់ញាតិរបស់ពួកគេដែរ។ មិនតែប៉ុណ្ណោះមនុស្សប្រហែលជា១.៧លាននាក់ត្រូវបានគេជម្លៀសចេញពីតំបន់រងគ្រោះ ដែលភាគច្រើនរលកយក្សស៊ូណាមិបានបញ្ចេញឥទ្ធិពលនៅក្នុងប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេមានចំនួនបួនគឺ ឥណ្ឌូនេស៊ី ស្រីលង្កា ឥណ្ឌា និងប្រទេសថៃ។ កាន់តែរន្ធត់នោះគឺមានមនុស្សជាង១៧ម៉ឺននាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ីតែឯកឯង ហើយសពមនុស្សជិត ៤០០សព នៅតែមិនអាចស្គាល់អត្តសញ្ញាណ និងគ្មានសាច់ញាតិណាមកស្វែងរកឬទាមទារឡើយ។ ឆ្នាំ២០០៤ ដល់ឆ្នាំ២០២៤ ទោះបីជា២០ឆ្នាំកន្លងផុតទៅក៏ពិតមែន ប៉ុន្តែស្នាមឈឺចាប់នៃហេតុការណ៍ដ៏អាក្រក់នោះនៅតែដិតដាមជានិច្ច ជាមួយនឹងក្តីនឹករលឹកដល់មនុស្សជាទីស្រលាញ់របស់ពួកគេគ្មានថ្ងៃសាបសូន្យឡើយ៕  

សម្រួលអត្ថបទ៖ សុផារិន្ទ