ថ្នាក់ដឹកនាំគណៈវិស្វករកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី ស្តីពី “ការគ្រប់គ្រង និងតម្លើងកញ្ចក់ ជណ្តើរយោងនៅអគារខ្ពស់ៗ និង គ្រឿងផ្គុំសំណង់”

នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម នួន ចំណូល អគ្គលេខាធិការរងគណៈវិស្វករកម្ពុជា តំណាងឯកឧត្តម សុខុម រិទ្ធីវុធ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង និងតម្លើងកញ្ចក់ ជណ្តើរយោងនៅអគារខ្ពស់ៗ និង គ្រឿងផ្គុំសំណង់” និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សាគណៈវិស្វករកម្ពុជា វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមជាវិស្វករចុះបញ្ជីផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី ហម សូលក្ខណ៍ ប្រធានផ្នែកអប់រំ និងបណ្តុះបណ្តាលនៃអគ្គលេខាធិការគណៈវិស្វករកម្ពុជា បានឲ្យដឹងថា គោលបំណងរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីឲ្យធនធានបញ្ញវន្តជាវិស្វករជាតិ ជាកម្លាំងស្នូលដែលមិនអាចខ្វះបាន បច្ចុប្បន្នវិស្វករមានគំនិតច្នៃប្រឌិតថ្មីៗ នុវានុវត្តន៍ បទពិសោធន៍ល្អៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជាកត្តាចម្បង ដែលត្រូវការជាចាំបាច់នាពេលនេះ និងមានធនធានវិស្វករជាតិជាកត្តាលីករដ៏ល្អ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសឱ្យរីកចំរើន នាយុគ្គសម័យបរិបទឌីជីថល។ លោកស្រីប្រធានផ្នែកបានបន្ថែមថា គណៈ វិស្វករកម្ពុជាតែងតែជំរុញឱ្យមានការលើកទឹកចិត្តដល់វិស្វករជាតិទាំងអស់ដែលមានសមត្ថភាព ទេពកោសល្យខ្ពស់ មានសុឆន្ទៈចង់បញ្ចេញស្នាដៃ ឬមានបទពិសោធន៍ល្អៗ និងមានប្រធានបទថ្មីៗ និងចង់ចែករំលែកចំណេះដឹង បទពិសោធន៍ការងារជាក់ ស្តែងជូនដល់វិស្វករ។

ថ្លែងក្នុងសិក្ខាសាលានេះដែរ ឯកឧត្ដម នួន ចំណូល អគ្គលេខាធិការរងគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិតែមួយគត់ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចំបងគឺ ប្រមូលផ្តុំវិស្វករដោយការចុះបញ្ជី គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិ ជំនាញវិជ្ជាជីវៈ រួមចំណែករៀបចំវិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែល្អប្រសើរឡើង ពង្រឹង ពង្រីកធនធានបញ្ញវន្តវិស្វករជាតិ ឱ្យស្របតាមកាលៈទេសៈបច្ចុប្បន្ន និងអនាគត ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈ វិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ រួមទាំងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងផ្ទៃក្នុងវិស្វកម្មថ្នាក់ជាតិ និងអន្តរជាតិ។ ឯកឧត្តម នួន ចំណូល បានបន្តថា ដើម្បីរួមចំណែកអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ក្នុងនាមអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានខិតខំស្វះស្វែង គៀងគររកអ្នកជំនាញខ្ពស់ និង បទពិសោធន៍ជំនាញវិស្វកម្មជ្រៅជ្រះ រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ថ្មីៗ ល្អៗ ដល់វិស្វករចុះបញ្ជី ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈ ស្របទៅនឹងការវិវត្តនៃបច្ចេកវិទ្យា សង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មតំបន់អាស៊ាន។ ឯកឧត្តម អគ្គលេខាធិការរង បានបន្ថែមថា សិក្ខាសាលាថ្ងៃនេះ ជាការលះបង់ពេលវេលាដ៏មមាញឹក និងមានតំលៃរបស់វាគ្មិនជាតិ ព្រមទាំងវាគ្មិនមកពីប្រទេសថៃ និងម៉ាឡេស៊ី លើជំនាញតម្លើងកញ្ចក់ ប្រព័ន្ធពន្លឺ ជណ្តើរយោងសម្រាប់ អគារខ្ពស់ៗ ការប៉ាន់តម្លៃសាងសង់ ការត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងគុណភាពគ្រឿងផ្គុំបេតុង ដូច្នេះសូមសិក្ខាកាមទាំងអស់ត្រងត្រាប់ កត់ត្រា និងចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីទាញយក អត្ថប្រយោជន៍ ទៅវិភាគ រៀបចំកែសម្រួលកិច្ចប្រតិបត្តិការវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្ងៃនេះ ពិតជា មានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកធានាឧត្តមប្រយោជន៍របស់វិស្វករ លើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករ ធានាបាននូវសុវត្ថិភាព គុណភាព និង ប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ និងឯកជនផងដែរ៕