ថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុន Metfone

ឯកឧត្តម ឃឹម វុទ្ធី បញ្ជាក់ថា ការអភិវឌ្ឍឌីជីថលូបនីយកម្មនៅកម្ពុជា មានជាអាទិ៍ កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្ម ក្នុងការបង្កើតសង្គមឌីជីថល ជាគោលដៅចម្បងរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយរប់ជាតិ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាស ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន មិត្តហ្វូន Metfone នារសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ ។ 

ឯកឧត្តម ឃឹម វុទ្ធី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលតែងតែឧបត្ថម្ភជាសំភារៈ បរិក្ខាផ្សេងៗ ព្រមទាំងឲ្យមន្រ្តីជំនាញមកទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍ ពិសេសលើប្រព័ន្ធផ្សព្វផ្សាយជាតិរបស់កម្ពុជា។ 

ឯកឧត្តម អគ្គនាយក បានបញ្ជាក់ថា តាមរយៈទំនាក់ទំនងជាប្រពៃណីដែលមានស្រាប់រវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ។ វៀតណាម និងកម្ពុជា គឺជាប្រទេសភូមិផងរបងជាមួយគ្នា និងមានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏យូរលង់ណាស់មកហើយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ជំរុញការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងប្រពៃណីដ៏យូរអង្វែង ។

 

ឯកឧត្តម សង្ឃឹមថា តាមរយៈជំនួបរវាង ទូរទស្សន៍ជាតិកម្ពុជានិងក្រុមហ៊ុន Metfone  ជាចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងពង្រីកសក្ដានុពលប្រព័ន្ធផ្សព្វផ្សាយជាតិរបស់កម្ពុជាកាន់តែមានភាពរីកចម្រើនទ្វេរឡើងថែមទៀត ។

ក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក បានជូនពរដល់ក្រុមហ៊ុន Viettel នៅប្រទេសវៀតណាម ក៏ដូចជាក្រុមហ៊ុន Metfone នៅកម្ពុជាសូមទទួលបានការអភិវឌ្ឍរយៈពេលវែង និងទទួលបានជោគជ័យក្នុងមុខជំនួញដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសវៀតណាម និងប្រទេសកម្ពុជាឈានឆ្ពោះទៅរការរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តន៍៕