ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ប្រារព្ធពិធីទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ឈានចូល ២៥៦៩ នាពេលខាងមុខ

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ប្រារព្ធពិធីទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ឈានចូល ២៥៦៩ នាពេលខាងមុខ 

—————————– 

ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត នាឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨-២៥៦៩ នាពេលខាងមុខ នៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទជាច្រើនរូប។ 

ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសារទរទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ។ ជាងនេះទៀត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរ ជ័យ សិរីសួរស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រោមឱវាទ នៃក្រសួងមុខងារសាធារណៈទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាស់វៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចជូនស្ថាប័ន ឱ្យទទួលបានជោគជ័យថ្មីៗ ថែមទៀត។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងឱកាសនៃពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបានជួបជុំជាមួយមន្ត្រីរាជការ សមាជិក សមាជិកា ក្រោមឱវាទដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ។ ស្ថិតក្នុងឱកាសដ៏មង្គលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងជាមន្ត្រី​រាជការ នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ​ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុ​យឺន​យូរជាង រយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា​ញ្ញាណ​ភ្លឺថ្លា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម​រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ ។ ព្រមទាំងសូមបួងសួង ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរ សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជា។