ទាំងក្នុងបរិវេណនិងជាយក្រុង Los Angeles បន្តឆាបឆេះឥតឈប់ឈរ ធ្វើឲ្យមនុស្សជាង១៨ម៉ឺននាក់ត្រូវជម្លៀស! ដោយសារកម្លាំងភ្លើងរាលដាលលឿន ជាងកម្លាំងចល័តពន្លត់

ភ្លើងឆេះព្រៃបានរាលដាលឆេះទៅកាន់ទីតាំងថ្មី ដែលជំរុញឱ្យអាជ្ញាធរបន្តជម្លៀសមនុស្ស កាន់តែច្រើនជាងមុននៅល្ងាចថ្ងៃព្រហស្បតិ៍នេះទាំងក្នុងនិងជុំវិញជាយក្រុងរបស់ Los Angeles ដោយសូម្បីតែក្រុមពន្លត់អគ្គីភ័យក៏មិនអាចទប់ទល់ជាប់ដែរ។កម្លាំងវាយលុករបស់ខ្យល់ដែលបណ្តាលឲ្យកម្លាំងភ្លើងឆេះព្រៃកាន់តែរាលដាលនិងដ៏សាហាវជាងមុន ព្រមទាំងបានបំផ្លិចបំផ្លាញសំណង់ផ្ទះសម្បែង អាជីវកម្មក្នុងតំបន់ធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តអាម៉េរិកដែរ។ ភ្លើងបានឆេះរាលដាលទៅកាន់តំបន់ Kenneth នៅពេលរសៀលម្សិលមិញនៅជ្រលង San Fernando ក្បែរសង្កាត់ West Hills និងនៅជិត Ventura County ។ ភ្លាមៗក៏មានបទបញ្ជាឲ្យជម្លៀសមនុស្សចញ នៅទូទាំងស្រុក Ventura និងជាយក្រុង Los Angeles ។ ការបញ្ជានេះបានកើតឡើងនៅពេលដែលមន្រ្តីខោនធី Los Angeles បានប្រកាសថាអគ្គីភ័យនៅតំបន់ Eaton នៅជិត Pasadena បានចាប់ផ្តើមបន្តមកដល់និងបានដុតបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង៤០០០ ទៅ ៥០០០ រួមទាំងរថយន្តដែរ។ សំណង់រាប់ពាន់ផ្សេងទៀតនៅប៉ាស៊ីហ្វិក Palisades នៅលើឆ្នេរសមុទ្រក៏បានឆេះខ្លោចយ៉ាងរន្ធត់ ។ អណ្តាតភ្លើងនៅតំបន់ Kenneth បានឆាបឆេះតិចជាង៣.២គីឡូម៉ែត្រដែលនៅឆ្ងាយពីវិទ្យាល័យ El Camino Real Charter ជាទីកន្លែងដែលមនុស្សកំពុងព្យាយាមជ្រកកោនពីស្ថានភាពភ្លើងឆាបេះនៅ Palisades ។ ភ្លើងទាំងពីរទីតាំងនេះគឺមានចម្ងាយពីគ្នាប្រហែលជា ១៨ គីឡូម៉ែត្រ ប៉ុណ្ណោះ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យត្រូវបានគេមើលឃើញថាកំពុង ព្យាយាមពន្លត់ភ្លើងនៅ Kenneth នៅរសៀលថ្ងៃព្រហស្បតិ៍ជាមុនសិន ដោយសារកម្លាំងភ្លើងឆេះរាលដាលលឿនជាងកម្លាំងចល័តរបស់ក្រុមពន្លត់ ដែលធ្វើឲ្យតួរលេខមនុស្សត្រូវជម្លៀសកើនជាង១៨ម៉ឺននាក់ មានទាំងមហាសេដ្ឋី តារាចំរៀង និង តារាហូលីវូដដែរ៕

សម្រួលអត្ថបទ៖សុផារិន្ទ