ទិដ្ឋភាពប្រជាពទ្ធបរិស័ទចំណុះជើងវត្តជួបជុំ ស្តាប់នូវធម្មទេសនា ពិធីបុណ្យអង្គកឋិនទានសាមគ្គី នៅវត្តតាំងក្រសាំងខាងជើង
នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទ រៀបចំពិធីបុណ្យអង្គកឋិនទានសាមគ្គី ប្រគេន ព្រះសីលធម្មគុណ គីម ធួន ព្រះរាជាគណថ្នាក់កិត្តិយស ជាព្រះចៅអធិការវត្ត និងភិក្ខុ សាមណេរគ្រប់ព្រះអង្គ នាវត្តតាំងក្រសាំងខាងជើង ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមនានា ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក។
ដោយឡែក ជាកិច្ចចាប់ផ្តើមពិធីបុណ្យអង្គកឋិនទានសាមគ្គី វត្តតាំងក្រសាំងខាងជើង ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានជួបជុំគ្នាធ្វើបទនមស្តារ សមាទាននិច្ចសីល និងនិមន្ត ព្រះសីលធម្មគុណ គីម ធួន ព្រះរាជាគណថ្នាក់កិត្តិយស ជាព្រះចៅអធិការវត្ត និងព្រះសង្ឃចម្រើនព្រះបរិត្ត ព្រមទាំងមានការសម្តែងធម៌ទេសនា ដោយ លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ចែកជូនជាធម្មទានដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃព្រឹកស្អែកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត នឹងជួបជុំគ្នា ដើម្បីប្រគេនយាគូ វេរភត្ត ដល់ព្រះសង្ឃ និងជួបជុំទទួលត្រៃ ដើម្បីដង្ហែអង្គកថិនប្រទក្សិណ បីជុំព្រះវិហារ រួចវេរប្រគេនប្រចាំសង្ឃដែលគង់ចាំព្រះវស្សាពហូទេវាជាកិច្ចបង្ហើយបុណ្យ៕