ទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ បង្កើនគុណតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងការអភិវឌ្ឍកម្លាំងសេវាសង្គម សំដៅឱ្យការផ្តល់សេវាសង្គមកិច្ចនៅកម្ពុជាកាន់តែប្រសើរ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងសាមគ្គីភាពអន្ដរជំនាន់ដើម្បីធានាបានសុខុមាលភាពយូរអង្វង” រៀបចំឡើងក្នុងគោលបំណងបង្កើនគុណតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងការអភិវឌ្ឍកម្លាំងសេវាសង្គម សំដៅឱ្យការផ្តល់សេវាសង្គមកិច្ចនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងបរិយាបន្ន ស្របតាមបរិបទនៃការរីកចំរើនគ្រប់វិស័យដែលជាផលនៃសន្តិភាព។ លើសពីនេះក៍ជាប្រធានបទមួយប្រកាសដោយសហព័ន្ធអ្នកសង្គមកិច្ចអន្តរជាតិដែលផ្ដោតសំខាន់លើការយកចិត្តទុកដាក់ការគោរពពីគ្រប់ជំនាន់ដល់ការងារសង្គមកិច្ច និងកម្លាំងសេវាសង្គម ដែលបានចូលរួមកសាងសង្គមដ៏រឹងមាំ និរន្តរភាព និងចែករំលែកចំណេះដឹងសម្រាប់អនាគតដ៏ប្រសើរ។

ឯកឧត្តម ជា សុមេធី បន្តថា នេះជាលើកទី១ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការដៃគូ សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ច គ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ និងឯកជន និងអ្នកពាក់ព័ន្ធ រៀបចំទិវាជាតិសង្គមកិច្ចតាមការកំណត់ដូចមានចែងក្នុងអនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពី “ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដែលជាគោលដៅជាយុទ្ធសាស្ត្រក្នុងការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ 

ឯកឧត្តម បញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនេះ គឺឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ឈរលើអភិក្រមចំនួន ៤ គឺ៖ (១).ចីរភាពនៃកម្មវិធី (២).លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ (៣).ការធានាបរិយាប័ន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ និង(៤). ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។ បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយថ្មីនេះក៏បានកំណត់ទិសដៅអន្តរាគមន៍គាំពារសង្គមតាមដំណាក់កាលនីមួយៗក៏ដូចជាកំណត់វិធានការគោលនយោបាយសម្រាប់កិច្ចការឆ្លងវិស័យពាក់ព័ន្ធ ដើម្បីជួយជំរុញដំណើរការនៃការអភិវឌ្ឍ និងធានាមិនបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ទាំងដោយផ្ទាល់ និងដោយប្រយោល។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានដាក់ចេញនូវកម្មវិធីចំនួន៤ រួមមាន៖ (១).ការលើក កម្ពស់សេវាសង្គមកិច្ច (២).ការគ្រប់គ្រងសេវាស្តារជនរងគ្រោះ (៣).ការអនុវត្តកម្មវិធីគាំពារសង្គម និង (៤).ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ព្រមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរឱ្យកត់សម្គាល់។ អង្គភាពជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធ ត្រូវសហការ និងពន្លឿនការអនុវត្តអនុសាសន៍ទី១៤ របស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើការជំរុញបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដើម្បីធានាគុណភាព ការចុះបញ្ជី ការទទួលស្គាល់ និងការផ្តល់អាជ្ញាបណ្ណ ដល់ភ្នាក់ងារ និងកម្លាំងសេវាសង្គមនៅកម្ពុជា។