ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត” (Yes! We Can End TB: Commit, Invest, Deliver)

រាជធានីភ្នំពេញ÷ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានប្រារព្ធពិធីអបអរសាទរ ទិវារបេងពិភពលោក ២៤ មីនា ២០២៥ ក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ បេ្តជ្ញា វិនិយោគ អនុវត្ត” ក្រោមការអញ្ជើញចូលរួមជាអធិបតី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសាកល(MoH-LIT) ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

បានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលត្រូវបាន សារព័ត៌មានដកស្រង់ខ្លឹមសារមួយចំនួនមកផ្សព្វផ្សាយជូនថា ÷ ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុង គោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបាន កាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់ បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

លោកជំទាវវេជ្ជបណ្ឌិតបន្តថា  ដើម្បីឆ្លើយតបតាមប្រធានបទខាងលើ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖

ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។

ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាព ស្រាវជ្រាឯកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្មនៅតាមសហគមន៍ និងទីកន្លែងសាធារណៈនានា។

ទី៣- បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។

ទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់រូប ដែលបាន ចូលរួមចំណែកធ្វើឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យនាពេលកន្លងមក និងសូមសម្តែងនូវការគាំទ្រ យ៉ាងពេញទំហឹងជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំង សកលលោក។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានរាយការណ៍ដោយសង្ខេប នូវការងារប្រយុទ្ធនឹងជំងឺរបេង នៅកម្ពុជា ដូចតទៅ៖ កម្មវិធីជាតិកំចាត់រោគរបេង មាន មណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន ១១ កន្លែងនៅឆ្នាំ២០២៤។ យើងមានសេវា PPM-DOTS ក្នុង ១៥ ខេត្ត និង ៥៨ ស្រុកប្រតិបត្តិ ក្នុងឆ្នាំ២០២៤។ការងារប្រយុទ្ធនឹងជំងឺរបេងនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈ។

ទោះបីជាយើងទទួលបាន ជោគជ័យយ៉ាងនេះក៍ដោយ ក៍ប្រទេសយើង នៅមានករណីជំងឺរបេងច្រើននៅឡើយ ហើយមានបញ្ហាប្រឈមមួយ ចំនួន ដែលត្រូវដោះស្រាយដើម្បីអោយកម្មវីធីជាតិ សំរេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុង ឆ្នាំ២០៣០ ដែលក្នុងនោះយើងមានបំណងដើម្បីកាត់បន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥៖ ដូចនេះ កម្មវិធីជាតិត្រូវការធនធានបន្ថែមទៀត ដើម្បីអោយខ្លួនអាចសំរេចបានទិសដៅជាបន្ត ក្នុងបណ្តាឆ្នាំ ខាងមុខ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធាន សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមមេត្តាជួយនិងបន្តជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីជាតិ ដើម្បីអោយសំរេចបានជាស្ថាពរ នូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុងឆ្នាំ ២០៣០ និងក្នុងបណ្តាឆ្នាំបន្ត៕