ទីក្រុងឈៀងម៉ៃដែលស្ថិតនៅភាគខាងជើងប្រទេសថៃកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ប៉ុន្តែមិនទាន់មានរបាយការណ៍មនុស្សស្លាប់នោះទេ!
អ្នកស្រុកនៅភាគខាងជើងនៃទីក្រុងឈៀងម៉ៃរបស់ប្រទេសថៃបានរួចផុតពីគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតកាលពីថ្ងៃអាទិត្យនេះ ប៉ុន្តែពួកគេនៅតែបន្តប្រឈមមុខនឹងការជន់លិចដដែលនៅតំបន់នានាសម្រាប់លំនៅដ្ឋានពួកគេ និងតំបន់ទេសចរណ៍ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជន់ជោរពីសមុទ្រផង និងកម្ពស់ទឹកទន្លេកើនឡើងផង។ មនុស្សជាច្រើននៅក្នុងខេត្តឈៀងម៉ៃ ជាពិសេសមនុស្សចាស់ នៅតែត្រូវជួបបញ្ហាលំបាកដោយសារទឹកជំនន់ ដែលនៅតំបន់ខ្លះទឹកត្រឹមចង្កេះឬខ្ពស់ជាងនេះ ហើយក្រុមស្ម័គ្រចិត្តជួយសង្គ្រោះ ដែលជារឿយៗបានធ្វើដំណើរតាមទូក ដើម្បីផ្គត់ផ្គង់អាហារ ឬជម្លៀសពួកគេផងដែរ។ តំបន់ពេញនិយមពីអ្នកទេសចរក្នុងខេត្តដែលលិចទឹកនោះមានដូចជា ផ្សាររាត្រី និងច្រកថាប៉ា ស្ថិតក្នុងកម្រិតទឹកជាងមួយម៉ែត្រ។ ស្ថានភាពនេះកាន់តែស្មុគស្មាញ ខណៈអគ្គិសនីប្រើប្រាស់ត្រូវកាត់ផ្តាច់នៅក្នុងសង្កាត់មួយចំនួនក្រោមហេតុផលដើម្បីសុវត្ថិភាព។ ទឹកជំនន់ចុងក្រោយនៅក្នុងខេត្តឈៀងម៉ៃនេះបានកើតឡើងនៅពេលដែលកម្រិតទឹកទន្លេ Ping ដែលហូរកាត់តាមគែមភាគខាងកើតនៃទីក្រុងបានចាប់ផ្តើមហៀរច្រាំងទន្លេចាប់ពីថ្ងៃសុក្រមក។ ទោះបីជាអាកាសយានដ្ឋានឈៀងម៉ៃបានបន្តដំណើរការឡើងវិញក៏ដោយ ក៏ផ្លូវដែលជន់លិចនោះបណ្តាលឱ្យមានការពន្យារពេលដល់ជើងហោះហើរផងដែរ។ សេវាកម្មផ្លូវដែកត្រូវបានផ្អាក ដោយរថភ្លើងភាគខាងជើងពីទីក្រុងបាងកក ដែលបញ្ចប់ចំណតនៅ Lampang ដែលតម្រូវឲ្យអ្នកដំណើរត្រូវផ្ទេរទៅជិះរថយន្តក្រុងវិញ។ នៅកន្លែងផ្សេងទៀត ខេត្តនៃភាគកណ្តាលប្រទេសថៃកំពុងប្រឈមមុខនឹងការជន់លិចទឹកដូចគ្នា បន្ទាប់ពីនាយកដ្ឋានធារាសាស្ត្របានប្រកាសថាពួកគេកំពុងបញ្ចេញទឹកពីទំនប់ដ៏ធំដែលអាចនឹងប៉ះពាល់ដល់កម្រិតទឹកនៅតំបន់ខាងក្រោមប្រទេសដែរ៕សម្រួលអត្ថបទ៖ សុផារិន្ទ