ទីក្រុង១នៅភាគខាងកើតបំផុតរបស់រុស្ស៊ីប្រកាសភាពអាសន្ន បន្ទាប់ពីព្រិលធ្លាក់ខ្លាំងនិងឆាប់រហ័សមិនធ្លាប់មានរយៈពេល៩៧ឆ្នាំមកនេះ! 

អាជ្ញាធររុស្ស៊ីក្នុងតំបន់បានប្រកាសដាក់ទីក្រុងមួយរបស់រុស្សីក្នុងភាពអាសន្នបណ្តោះអាសន្នសម្រាប់ទីក្រុង ដែលមានឈ្មោះថា Blagoveshchensk (ក្លាហ្កូវែសជិន)នាភាគខាងកើតដ៏សែនឆ្ងាយក្នុងប្រទេសរុស្ស៊ី ដោយសារតែមានស្ថានភាពធ្លាក់ព្រិលខ្លាំងពេក មិនអាចទប់ទល់បាន ប៉ុន្តែពួកគេនៅតែព្យាយាមបោសសំអាតសំណល់ព្រិលតាមដែលអាចធ្វើបាន។ ព្រិលធ្លាក់ បានចាប់ផ្តើមកាលពីថ្ងៃចន្ទមក និងបន្តរហូតដល់ថ្ងៃពុធនេះ ហើយបានបំបែកកំណត់ត្រាថាជាស្ថានភាពធ្លាក់ព្រិលឆាប់រហ័សនិងក្រាស់មិនធ្លាប់មានក្នុងរយៈពេល៩៧ឆ្នាំមកនេះ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមរុស្ស៊ី។ អាជ្ញាធរក្នុងទីក្រុង Blagoveshchensk បាននិយាយថាផ្លូវអន្តរសម្រាប់រថយន្តក្រុង ត្រូវបានគេលុបចោល ហើយជើងហោះហើរទៀតសោតក៏ត្រូវបានគេពន្យារពេលដែរនៅអាកាសយានដ្ឋានក្នុងស្រុកមួយ។ អ្នកស្រុក Blagoveshchensk និងអ្នកស្ម័គ្រចិត្ដ មានទាំងសិស្សានុសិស្សនានា និងមន្ត្រីក្នុងតំបន់បានប្រមូលផ្តុំគ្នាដើម្បីជួយសម្អាតព្រិលដ៏សែនក្រាស់ និង ធ្លាក់មកលឿនជាងឆ្នាំមុនៗ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ