ទីក្រុង Bahia Blanca របស់ប្រទេសអាហ្សង់ទីនបានជន់លិច បន្ទាប់ពីព្យុះដ៏ខ្លាំងគ្របដណ្តប់ និងបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់

ព្យុះដែលបោកបក់មកលើទីក្រុង Bahía Blanca នៃប្រទេសអាហ្សង់ទីនចាប់តាំងពីថ្ងៃសុក្រមក បានបណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ ដោយវាបានពន្លិចផ្លូវភាគច្រើន និងធ្វើឱ្យមនុស្សរាប់សិបគ្រួសារត្រូវផ្លាស់ទីលំនៅ និងបង្ខំឱ្យជម្លៀសមនុស្សជាអ្នកជំងឺចេញពីមន្ទីរពេទ្យសំខាន់ៗដែរ។ ទីក្រុង Bahía Blanca ដែលមានចម្ងាយប្រហែល៦៣០គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Buenos Aires (ប៊ុយណូស៊ែរ) បានរាយការណ៍ថាជនរងគ្រោះ ៥នាក់ នៅក្នុងនោះមានស្ត្រីម្នាក់បានស្លាប់នៅលើដងផ្លូវសាធារណៈ និងម្នាក់ទៀតនៅជាយក្រុងឆ្នេរសមុទ្រ។

ទីក្រុងភាគច្រើនគឺស្ថិតនៅក្រោមទឹកជន់ជោ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល៧ម៉ោង ដែលបានបង្ខំឱ្យសាលាក្រុងផ្អាកសកម្មភាពគ្រប់ប្រភេទ កាត់ផ្តាច់ចរន្តអគ្គិសនី ហើយអជ្ញាធរបានស្នើសុំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ ជំនន់ទឹកភ្លៀងបានជនឡើងកម្រិតប្រហែលជា ៣០០ មីលីម៉ែត្រជាប្រវត្តិសាស្រ្តមិនធ្លាប់មានខណៈដែលជាមធ្យមវាមានតែប្រហែលជា ១២៩ មីលីម៉ែត្រប៉ុណ្ណោះ។ ការហូរហៀរនៃប្រឡាយចំនួនពីរក៏បានប៉ះពាល់ដល់ផ្នែកខាងក្រោមនៃទីក្រុងមួយនេះដែរ។

សាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជិត ១០០០នាក់ត្រូវបានគេជម្លៀសចេញ និងនាំយកទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាព។ លើសពីនេះក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ Penna ក្នុងទីក្រុងក៏បានជួយជម្លៀសអ្នកជំងឺដែលស្ថិតនៅក្នុងមន្ទីរពេទ្យរួចហើយដែរ ក្នុងនោះក៏មានទារកទើបនឹងប្រសូតដែរ ។ អ្នកស្រុកកំពុងធ្វើដំណើរដោយទូកជ័រជុំវិញផ្លូវខាងក្នុងដែលមានទឹកជន់ជោរ បន្ទាប់ពីរថយន្តជាច្រើនគ្រឿងត្រូវទឹកជន់លិច ហើយខ្លះទៀតបានធ្លាក់ចូលទៅក្នុងរណ្ដៅលូក្បែរខាងទីក្រុង។ គ្រឿងចក្រ និងរថយន្តក្រុងពីកងទ័ព ពីនាយកដ្ឋានពន្លត់អគ្គីភ័យ ពីក្រុមប៉ូលីសការពារជនស៊ីវិល បាននឹងកំពុងជម្លៀសប្រជាជនចេញយ៉ាងសកម្មបំផុតតាមដែលអាចធ្វើបាន៕
សម្រួលអត្ថបទ៖ សុផារិន្ទ