ទីវត្តអារាមអាយុកាលរាប់សតវត្សជាប្រវត្តិសាស្ត្ររបស់ភូមាដួលរាបដល់ដីក្រោយគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីសប្តាហ៍មុន 

ទីវត្តអារាមបែបបុរាណដ៏ចំណាស់និងល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ាដែលមានឈ្មោះថា Maha Aungmye Bonzan ដែលត្រូវបានគេស្គាល់ជាទូទៅថាជាវត្ត Me Nu Brick ពេលនេះបានបាក់បែកខ្ទេចខ្ទីអស់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីយ៉ាងបំផ្លិចបំផ្លាញ ដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន។ វត្តអារាមដែលមានអាយុកាល រាប់សតវត្សនេះគឺជាសំណង់អគារមួយក្នុងចំនោមអគារនិងសំណង់ជាច្រើនទៀតដែលត្រូវបំផ្លាញដោយគ្រោះរញ្ជួយដីនៅក្នុងទីក្រុង Mandalay ដែលស្ថិតនៅជិតចំណុច រញ្ជួយកណ្តាលកម្រិត ៧.៧ រ៉ិចទ័រ។ ចំណែក ស្ពាន Ava ដែលស្ថិតក្នុងទីក្រុងនេះដែរ ក៏បានបាក់ធ្លាក់ចូលទៅក្នុងទន្លេ Irawaddy ជាកំណាត់ៗដែរ។ មួយសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាង៣៥៦០នាក់ហើយ ក្រុមរុករកនៅតែបន្តទាញសពមនុស្សចេញមកបន្ថែមទៀតពីអគារបាក់បែកនានា។ នៅពេលបេសកកម្មស្វែងរកអ្នកនៅរស់រានមានជីវិតធ្លាក់ចុះ នោះការផ្តោតអារម្មណ៍កំពុងឆ្ពោះទៅរកតម្រូវការមនុស្សធម៌ជាបន្ទាន់នៅក្នុងប្រទេសដែលត្រូវបានរងនូវភាពបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិលស្រាប់នេះក៏កំពុងបន្តដែរ។ គ្រោះរញ្ជួយដីនេះបានធ្វើឱ្យស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ៗ ក្លាយទៅជាវិបត្តិធ្ងន់ធ្ងររួចទៅហើយជាមួយនឹងមនុស្សជាង៣លាននាក់បន្ថែមទៀតដែលត្រូវផ្លាស់ទីលំនៅពីផ្ទះសម្បែងដែលពួកគេធ្លាប់ជ្រកខ្យល់ជ្រកភ្លៀងមកជ្រកតាមសំពត់តង់រខេករខាកតាមដងផ្លូវសាធារណៈទៅវិញ បន្ថែមលើតួរលេខមនុស្សជាង២០លាននាក់ដែលបានកំពុងត្រូវការជំនួយមនុស្សធម៌នេះស្រាប់សូម្បីតែមុនពេលគ្រោះធម្មជាតិវាយប្រហារមកម្ល៉េះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ