ទូរទស្សន៍ជាតិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយរាល់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ទាំងរូបភាព និងខ្លឹមសារបានយ៉ាងទូលំទូលាយ ដោយពុំមានខកខាន និងរាំងស្ទះឡើយ

  សកម្មភាពសំខាន់ៗដែល ទទក សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ត្រូវបានលើកយកមកបង្ហាញនៅក្នុងឱកាសដែល អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជារៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដើម្បីបង្ហាញពីសមិទ្ធផលរយៈពេល ១ឆ្នាំ សម្រេចបានលើការងារ

ផ្សព្វផ្សាយទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ផលិតព័ត៌មាន និងកម្មវិធីផ្សាយនានាបម្រើដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។ 

  សន្និបាតបូកសរុបលទ្ធផលការងារប្រចាំនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។

  ឯកឧត្តម ឃឹម វុទ្ធី មានប្រសាសន៍គូសបញ្ជាកអំពីសមិទ្ធិផលការងារដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសម្រេចអនុវត្តន៍បានក្នុងរយៈពេលពេញមួយឆ្នាំ២០២៤មកនេះ ដោយបានដើរតូនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មាន ជាស្ពានចម្លងនូវរាល់រូបភាព ទិដ្ឋភាព និងការអភិវឌ្ឍរីកចំរើនរបស់ប្រទេសជាតិ ផ្សព្វផ្សាយជូនដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសបានដឹង ឃើញពីការពិតនៅក្នុងប្រទេសកម្ពុជា ។ ក្រៅតែពីការផ្សព្វផ្សាយព័ត៌មាន និងដំណឹងផ្សេងៗនោះទេ គឺទូរទស្សន៍ជាតិកម្ពុជា ជាស្ថាប័នរដ្ឋដែលបានចូលរួមផ្សព្វផ្សាយនូវយុទ្ធជាតិរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋបានយល់ជ្រូតជ្រាបកាន់តែច្បាស់បន្ថែមទៀត ។ 

   ឯកឧត្តម អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ហើយជាជំហានបន្តទៅមុខទៀត ឯកឧត្តម អគ្គនាយកបានស្នើ

ដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់នៃទូរទស្សន៍ជាតិកម្ពុជា បន្តរឹតចំណងមិត្តភាព និងកិច្ចសហការ សាមគ្គីភាព ជាបង ជាប្អូន ជាពូ ជាមីង ជាមិត្តភក្រ ជាក្រុមគ្រួសាររបស់ ទទក តែមួយដើម្បីរួមគ្នាបំពេញកិច្ចការងារតាមផ្នែក និងជំនាញនីមួយៗ អោយសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត ។

  ឯកឧត្តម អនុរដ្ឋលេខាធិការ សំបូរ វណ្ណារិទ្ធ បានថ្លែងការសរសើរចំពោះសមិទ្ធិផល និងជោគជ័យការងារដែលគ្រប់ផ្នែកគ្រប់ជំនាញនៃទូរទស្សន៍ជាតិកម្ពុជា រួមគ្នាសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ។ ជាទិសដៅបន្តទៅមុខទៀតគឺធ្វើយ៉ាងណាអនុវត្តន៍អោយស្របតាមផែនការអភិវឌ្ឍរបស់ក្រសួងព័ត៌មាន លើការកសាងរដ្ឋបាលទំនើប និងការធ្វើទំនើបកម្មស្ថាប័នដើម្បីសម្រេចអនុវត្តន៍ការងារបានជោគជ័យ ។ ដូច្នេះសម្រាប់សន្និបាតបូកសរុបការងារនាឱកាសនេះ ដើម្បីប្រមូលធាតុចូលសំខាន់ៗពីគ្រប់នាយកដ្ឋាន និងជំនាញពាក់ពន្ធ័នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សម្រាប់ដាក់បញ្ជូលជារបាយការណ៍លើកឡើងបង្ហាញនៅក្នុងសន្និបាតបូកការងាររបស់ក្រសួងព័ត៌មាន ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ។ 

 

   នៅក្នុងដំណើរការនៃកិច្ចប្រជុំនេះដែរ ក៏មានការធ្វើសេចក្តីរបាយការណ៍ ពីកិច្ចការងារដែលសម្រេចបាន និងទិសដៅបន្តទៅមុខ របស់នាយកដ្ឋានទាំង ៤ និងមន្ទីរ ទទក ព្រមទាំងសេចក្តីរាយការណ៍ ដោយប្រធានផ្នែកជំនាញពាក់ព័ន្ធ រួមទាំងកិច្ចពិភាក្សាលើរបាយការណ៍សមិទ្ធផលការងារ បញ្ហាប្រឈម ដំណោះស្រាយ ដើម្បីជាសមិទ្ធផលរួមតែមួយសម្រាប់ភាពរីកចំរើននៃប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ។

   តាមរយៈរបាយការណ៍ពីបណ្តានាយកដ្ឋាននីមួយៗបានឆ្លុះបញ្ចាំងពីសកម្មភាពចូលរួមជាចលនា ក្នុងការផ្សព្វផ្សាយអំពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបាននាំមកនូវកំណើនសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ និងការដាក់ចេញកម្មវិធីនយោបាយអាទិភាពជាបន្តបន្ទាប់ទៀត ដែលត្រូវធ្វើការផ្សព្វផ្សាយអោយបានកាន់តែទូលំទូលាយ ជ្រួតជ្រាបដល់សាធារណជនទូទៅទាំងក្នុង និងក្រៅប្រទេស ៕